ក្រសួងត្រៀមថវិកាជាង៥៥លានដុល្លារចំណាយលើការផ្គត់ផ្គង់ទឹកស្អាតនឹងអនាម័យនៅជនបទ
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya DURRANI-JAMAL នាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន ០២ ដែលមានទឹកប្រាក់សរុបចំនួន ៩០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ជាង ៥៥លានដុល្លារអាមេរិកគ្រោងនឹងចំណាយសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ។
តាមប្រភពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងគ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៥៥,៦៣លានដុល្លារអាមេរិក សម្រាប់គាំទ្រយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាតអនាម័យ និងអនាម័យជនបទ សម្រាប់ឆ្នាំ ២០១៤-២០២៥ និងផែនការ សកម្មភាពសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតអនាម័យជនបទ ឆ្នាំ២០១៩-២០២៣។
គម្រោងនេះមានគោលដៅក្នុងការកែទម្រង់ គោលនយោបាយផ្គត់ផ្គង់ទឹកស្អាត នឹងអនាម័យជនបទ និង កម្មវិធីវិនិយោគ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅស្រុកចំនួន១១ នៃខេត្តគោលដៅចំនួន១០ រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, ពោធិសាត់, សៀមរាប, ព្រះវិហារ និងឧត្ដរមានជ័យ។ ក្នុងនោះផ្ដោតលើ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកជនបទ និងសេវាអនាម័យជាដើម។
ជាមួយគ្នានេះ ឯកឧត្ដម អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានផ្ដល់ការជឿទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងខាងលើ។ ឯកឧត្ដមបញ្ជាក់ថា ADB បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៣,៣៦ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងទាំង២ខាងលើនេះ៕
ដោយ៖ ជួប ស្រីរ័ត្ន