គួរឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដោយរបៀបណា?​



នៅពេលឃើញអ្នកដទៃល្អជាងអ្នក មានជាងអ្នក ពូកែជាងអ្នក តើអ្នកមានអារម្មណ៍បែបណា? តើអ្នកច្រណែន និងចង់ឲ្យអ្នកទាំងនោះបរាជ័យដែរឬទេ? ប្រសិនបើសំនួរនេះ វាដូចទៅនឹងអ្វីដែលអ្នកកំពុងតែគិត វាមានន័យថា អ្នកកំពុងប្រៀបធៀបខ្លួនឯងជាមួយមនុស្សទាំងនោះ ហើយកំពុងសង្ងំទុកឲ្យរងើកភ្លើងនៃសេចក្តីទុក្ខឆេះជាប្រចាំនៅក្នុងខ្លួនរបស់អ្នកផងដែរ។  អ្នកគួរបញ្ឈប់វាឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបានដោយអនុវត្តវិធីសាស្រ្ត ៨ ខាងក្រោមនេះ៖  

 ១.ការភ្ញាក់រលឹក 
ជារឿយៗ មនុស្សភាគច្រើនបានប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដោយមិនបានដឹងថា ខ្លួនកំពុងធ្វើអ្វីពិតប្រាកដ។ វាជារឿងធម្មជាតិ ក៏ប៉ុន្តែទម្លាប់នេះវាមិនបានផលប្រយោជន៍អ្វីក្រៅតែពីការបំផ្លាចញខ្លួនឯងនោះទេ។ គន្លឹះដ៏ល្អមួយនៅជំហានដំបូងនេះ អ្នកត្រូវភ្ញាក់រលឹកជាប្រចាំដើម្បីលើកទឹកចិត្ត និងដាស់តឿនខ្លួនឯងឲ្យស្ថិតនៅលើគន្លងវិថីជីវិតមួយដែលជារបស់អ្នក។

២.បញ្ឈប់ការប្រៀបធៀបដោយខ្លួនឯង
ប្រសិនបើអ្នកដឹងថា អ្នកកំពុងវក់វីទៅនឹងទម្លាប់មួយចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ អ្នកត្រូវបញ្ឈប់វាជាបន្ទាន់។  កុំធ្វើបាបខ្លួនឯង ឬមានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯង ហើយលើកសរសើរអ្នកដទៃ។ អ្នកគ្រាន់តែទទួលស្គាល់វា ហើយផ្តោតមកលើការផ្លាស់ប្តូរគារគិតជាសំខាន់វិញ។

៣.អបអរនូវអ្វីដែលអ្នកមាន
ការផ្តោតមកលើការផ្លាស់ប្តូរគំនិតមកជាវិជ្ជមាន វាអាចមានប្រសិទ្ធិភាពបានដរាបណាអ្នកបានអបអរទៅលើអ្វីដែលអ្នកមានប៉ុណ្ណោះ។ អ្នកត្រូវរីករាយទៅនឹងអ្វីដែលជាសមិទ្ធផលរបស់អ្នក អ្វីដែលអ្នកធ្វើបាន និងអ្វីដែលអ្នកកំពុងមាននៅក្នុងដៃ មិនមែនអ្វីដែលស្ថិតនៅលើដៃអ្នកដទៃនោះឡើយ។ អ្នកគួរគិតថា អ្នកគួរតែមានមោទនភាពចំពោះលាភសំណាងរបស់អ្នកពីព្រោះអ្នកនៅមានមនុស្សស្រលាញ់ មនុស្សយល់ចិត្ត មិត្តភក្តិ មានគ្រួសារជាដើមដែលពេលខ្លះអ្នកផ្សេងទៀតដែលល្អជាងអ្នកមិនមានផងក៏ថាបាន។ 

៤.ផ្តោតលើចំណុចខ្លាំងរបស់អ្នក 
ជៀសវាងមើលតែចំណុចខ្សោយរបស់អ្នក អ្នកគួរអង្គុយពិចារណាបន្តិចហើយរកឲ្យឃើញថា តើចំណុចខ្លាំងរបស់អ្នកគឺជាអ្វី? បើអ្នករកឃើញចំណុចខ្លាំងទាំងនោះ អ្នកត្រូវមានមោទនភាពចំពោះវា។ កុំកប់វាទុក! ដុសខាត់សំលៀងវាឲ្យកាន់តែមុន ហើយយកទៅប្រើប្រាស់ឲ្យកើតចេញជាប្រយោជន៍ឲ្យកាន់តែច្រើនឡើង។ 

៥.ទទួលស្គាល់ភាពមិនល្អឥតខ្ចោះ
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ នេះជាអ្វីដែលមនុស្សម្នាក់ៗត្រូវទទួលស្គាល់។ អ្នកមិនល្អឥតខ្ចោះនោះទេ ហើយអ្នក និងអ្នកផ្សេងទៀតក៏គ្មានថ្ងៃល្អឥតខ្ចោះដែរ។ ដូច្នេះជម្រើសដ៏ល្អបំផុតមួយគឺថា មនុស្សគ្រប់គ្នាត្រូវទទួលស្គាល់រឿងនេះ។ យ៉ាងណាមិញ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវអភិវឌ្ឍខ្លួនឯងឲ្យកាន់តែ ប្រសើរឡើង កែប្រែចំណុចខ្វះខាត ហើយសំខាន់ធ្វើឲ្យបានល្អជាងថ្ងៃម្សិលមិញ នោះមានន័យថា អ្នកបានផ្តល់សមិទ្ធផលល្អមួយដ៏ប្រសើរសម្រាប់ខ្លួនឯងរួចទៅហើយ។

៦.កុំទាញទម្លាក់អ្នកដទៃឲ្យបរាជ័យ
ពេលខ្លះអ្នកបានរិះគន់ ប៉ែងជើង ឬបន្ទាប់តម្លៃអ្នកដទៃដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អនៅពេលមនុស្សទាំងនោះធ្វើបានល្អជាងអ្នក។ ក៏ប៉ុន្តែសូមចាំថា ការចង់ឲ្យអ្នកដទៃបរាជ័យដូចអ្នក វាគឺជាទង្វើគួរឲ្យស្អប់ខ្ពើម និងគួរឲ្យខ្មាស់អៀនបំផុតមួយ។ ជាគោលការណ៍ អ្នកជោគជ័យ មិនមែនជាអ្នកដែលធ្វើឲ្យអ្នកដទៃបរាជ័យនោះទេ។ បើឃើញនរណាម្នាក់ជោគជ័យ គាំទ្រគេទៅ ហើយឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់អ្នកនោះ។ ទម្លាប់ល្អមួយនេះ មិនយូរមិនឆាប់ វានឹងធ្វើឲ្យអ្នកជោគជ័យដែរនៅថ្ងៃណាមួយ។ 

៧.ផ្តោតលើដំណើរជីវិតរបស់អ្នក
សូមកុំដាក់ចំណាត់ថ្នាក់ជីវិតខ្លួនឯងដោយការប្រើបធៀបទៅនឹងអ្នកដទៃ។ ជីវិតមិនមែនជាការប្រកួតប្រជែងយកឈ្នះចាញ់ទេ។ ជីវិតគឺជាដំណើរផ្លូវវែងឆ្ងាយមួយតាមរបៀបរបស់អ្នក។ អ្នកមានដំណើរផ្លូវរបស់អ្នក ហើយអ្នកផ្សេងគេមានដំណើរផ្លូវរបស់គេ។ ចង់បានអ្វីមួយ រៀនធ្វើវាទៅ! ប្រឹងប្រែងបង្កើតវាឡើង។ ដំណើរផ្លូវរបស់អ្នក មាន ឬក្រ ជោគជ័យតិច ឬច្រើន វាមិនគួរលាយឡំជាមួយនឹងដំណើរជីវិតរបស់អ្នកណាម្នាក់ឡើយ។ គួរធ្វើអ្វីដែលអ្នកចង់ធ្វើ តាមរបៀបរបស់អ្នកឆ្ពោះទៅកាន់គោលដៅដែលអ្នកចង់ទៅ។  

៨.ចង់បាន តែក៏ចេះមានដែនកំណត់
ប្រសិនបើអ្នកចង់បានអ្វីដែលអ្នកដទៃមាន ការចង់បានរបស់អ្នកគ្មានថ្ងៃឆ្អែតឆ្អន់ឡើយ។  ភាពចង់បានរបស់អ្នកនឹងគ្មានទីបញ្ចប់ និងកាន់តែលោភលន់ខ្លាំងឡើង។ បើអ្នកកើតមានសេចក្តីចង់បានលោភលន់បែបនេះ មិនថាអ្នកមានលុយប៉ុន្មាន វីឡាទំនើបៗច្រើនប៉ុន្មាន ឬមានរថយន្តថ្លៃៗប៉ុន្មាន ក៏វាមិនគ្រប់គ្រាន់សម្រាប់អ្នកឡើយ។ នេះហើយជាដំណើរជីវិតដែលគ្មានដែនកំណត់ និងគ្មានក្តីសុខ។ 

ផ្ទុយមកវិញ អ្នកគួររៀនទទួលស្គាល់ថា អ្វីដែលអ្នកមាន វាគ្រប់គ្រាន់សម្រាប់អ្នកហើយ។ អ្នកគួរផ្តោតលើការសាងអំពើល្អ ឈប់ចង់ឈ្នះចង់ចាញ់ ឬចង់ប្រៀបធៀបនឹងអ្នកដទៃ។ សូមពេញចិត្តនូវអ្វីដែលអ្នកមាន និងអ្វីដែលអ្នកកំពុងធ្វើតាមដំណើរជីវិតរបស់អ្នក នោះអ្នកនឹងអាចរកសេចក្តីសុខឲ្យខ្លួនឯងបាន៕

ប្រភព៖Zenhabits.net 

 

X
5s