ឯកឧត្ដម ហ៊ុន ម៉ានី៖ ត្រូវគិតថាកម្ពុជាជាផ្ទះរបស់យើងដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា
«យុទ្ធនាការភ្នំពេញស្អាត មិនមែនជាកាតព្វកិច្ចឬភារកិច្ចរបស់នរណាម្នាក់ឬស្ថាប័នណាមួយដាច់ដោយឡែកនោះទេ យើងគួរតែគិតថាជារឿងរបស់យើងទាំងអស់គ្នា ដែលឯកឧត្ដមសាយ សំអាល់ តែងតែនិយាយថា ត្រូវគិតថាកម្ពុជាជាផ្ទះរបស់យើង អីចឹងហើយបានជាយើងចាំបាច់ត្រូវចូលរួមថែរក្សាទាំងអស់គ្នា» នេះជាប្រសាសន៍របស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហស្ថានិកគម្រោងភ្នំពេញស្អាត បានលើកឡើងនៅក្នុងកម្មវិធីបើកដំណើរការ យុទ្ធនាការភ្នំពេញស្អាត កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនា អគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មី។
ភាពច្បាស់លាស់នឹងការប្ដេជ្ញាចិត្តខ្ពស់នៃ «គម្រោងស្អាត» គឺមានគោលដៅចង់ផ្លាស់ប្ដូរផ្នត់គំនិតនិងឥរិយាបថរបស់ប្រជាជនដែលតែងបោះចោលសំរាមនៅតាមទីសាធារណៈដោយគ្មានសណ្ដាប់ធ្នាប់ មកជាមនុស្សដែលមិនបោះចោលសម្រាបផ្ដេសផ្ដាស ហើយចូលរួមជួយផ្សព្វផ្សាយបន្ត។ ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា "បើយើងចង់ផ្លាស់ប្ដូរការគិតរបស់មនុស្ស១លាននាក់ យើងត្រូវផ្លាស់ប្ដូរការគិតរបស់មនុស្ស១០នាក់ឲ្យបានជាមុនសិន ទោះបីជាគម្រោងស្អាតធ្វើឡើងត្រឹមតែ១ខែក្នុង១ឆ្នាំ ប៉ុន្តែយើងសង្ឃឹមថាអ្នកចូលរួមជាមួយគម្រោងនេះ ទោះតិចឬច្រើនក្ដី ពួកគាត់នឹងរក្សាបាននូវស្មារតីស្អាតដើម្បីបន្តចូលរួមចំណែក"។
គួរបញ្ជាក់ថា «យុទ្ធនាការភ្នំពេញស្អាត» គឺជាផ្នែកមួយនៃ «គម្រោងស្អាត» ដែលធ្វើជារៀងរាល់ឆ្នាំ ក្នុងកំឡុងខែវិច្ឆិកា ដែលត្រូវបានយុទ្ធនាការនេះប្រសិទ្ធិនាមថាជា «ខែស្អាត»។ ហើយឆ្នាំនេះ គឺជាឆ្នាំទី៣នៃ យុទ្ធនាការភ្នំពេញស្អាត ដែលនឹងប្រព្រឹត្តឡើងពេញមួយខែវិច្ឆិកា និងត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដែលមានការចូលរួមពី «យុវជនសុឆន្ទៈស្អាត» ចំនួនជាង១០០នាក់។
បន្ថែមពីនេះ គម្រោង «ភ្នំពេញស្អាត» ក៏ទទួលបានកិច្ចសហការរវាងក្រសួងពាក់ព័ន្ធរួមមាន៖ ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕
ដោយ៖ ជួប ស្រីរ័ត្ន