កម្ពុជាលក់កាបូនបានជាង១១លានដុល្លារពីដែនជម្រកសត្វព្រៃទូទាំងប្រទេស
ក្រសួងបរិស្ថានបានអះអាងថា រហូតមកដល់បច្ចុប្បន្នកម្ពុជាលក់បានឥណទានកាបូនបានជាង១១លានដុល្លារអាមេរិក ពីដែនជម្រកសត្វព្រៃនៅទូទាំងប្រទេសកម្ពុជា ដែលធានាដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព។ នេះបើតាមការចុះផ្សាយពីក្រសួងព័ត៌មាន។
ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ឥណទានកាបូនដែលបានលក់នេះបានមកពីដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្រោមក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្តសម្រាប់គាំទ្រដល់ការការពារ និងអភិរក្សបរិស្ថាននិងធនធានធម្មជាតិ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍បរិស្ថានហិរញ្ញប្បទាននិរន្តរភាព។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកម្មវិធី សន្និបាទបូកសរុបសមិទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី០៤ វិច្ឆិកានេះ។
យោងតាមអ្នកជំនាញមកពី អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានបញ្ជាក់ថា ព្រៃឈើដែលអាចស្ដុកកាបូនបានគឺជាព្រៃឈើធម្មជាតិ ហើយព្រៃឈើត្រូវបានបែងចែកជា៣គឺ ព្រៃស្រោង ពាក់កណ្ដាលស្រោង និងព្រៃរបោះ ហើយប្រភេទព្រៃស្រោងមានកាបូនច្រើនជាងគេ ក្នុងនោះព្រៃស្រោង១ហិកតាអាចផ្ទុកកាបូនបាន៧០០តោន ឯព្រៃរបោះផ្ទុកបាន៥០០តោន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ស្ថិតក្រោមកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នដោយសារការកាប់បំផ្លាញព្រៃឈើ និងការខូចខាត ឬREDD+ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្រុមហ៊ុន Walt Disney បានទិញឥណទានកាបូនពីកម្ពុជា ក្នុងតម្លៃ២លាន៦សែនដុល្លារ នៅក្នុងព្រៃខេត្តមណ្ឌលគីរី ដែលស្មើនឹងតម្លៃការបំភាយកាបូនប្រមាណ៣៦ម៉ឺនតោន៕