ភ្នាក់ងារអភិវឌ្ឍបារាំងបង្ហាញបំណងចង់វិនិយោគប្រព័ន្ធទឹកស្អាតនៅព្រះសីហនុ
ដោយសម្លឹងឃើញពីសក្ដានុពលក្នុងខេត្តព្រះសីហនុ ដែលកំពុងមានសន្ទុះអភិវឌ្ឍកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ បូករួមនឹងការកើនឡើងនៃចំនួនប្រជាពលរដ្ឋផង បានធ្វើឲ្យភ្នាក់ងារអភិវឌ្ឍបារាំងដែលសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មានបំណងចង់មកវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុបន្ថែម។ នេះបើតាមការលើកឡើងពី លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយជាមួយឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។
នៅក្នុងឱកាសនៃជំនួបនោះដែរ ឯកឧត្ដម គួច ចំរើន មានប្រសាសន៍លើកឡើងថា កម្ពុជា និងបារាំងមានទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ មកដល់បច្ចុប្បន្នកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ។ សម្រាប់ខេត្តព្រះសីហនុ ក៏មានសមិទ្ធផលជាច្រើនផងដែរដូចជា ទំនប់ប៊ុលឌែ នៅស្រុកព្រៃនប់ មានសារៈសំខាន់ណាស់សម្រាប់ឱ្យប្រជាកសិករធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិចតា, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកោះឬស្សី ដែលជាគម្រោងវិនិយោគរបស់បារាំង ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អភិវឌ្ឍដោយសហគ្រាសបារាំងជាដើម។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងដែលបានអញ្ជើញមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំឱ្យរដ្ឋាភិបាលបារាំងបន្តគាំទ្រសន្តិភាពនៅកម្ពុជា ដើម្បីការអភិវឌ្ឍន៍ និងការរស់នៅប្រកបដោយសុខដុមរម្យនីយកម្ម។
គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗកន្លងទៅ ក្រសួងបានប្រកាសថាគ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៥៥,៦៣លានដុល្លារអាមេរិក សម្រាប់គាំទ្រយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាតអនាម័យ និងអនាម័យជនបទ សម្រាប់ឆ្នាំ ២០១៤-២០២៥ និងផែនការ សកម្មភាពសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតអនាម័យជនបទ ឆ្នាំ២០១៩-២០២៣៕
ដោយ៖ ជួប ស្រីរ័ត្ន