ពលរដ្ឋខ្មែរជាង៥០%ក្នុងចំណោម៥ពាន់គ្រួសារត្រូវបានរងគ្រោះដោយការខ្ចីប្រាក់ថែទាំសុខភាព
តាមរយៈរបាយការណ៍ស្រាវជ្រាវពីសាកលវិទ្យាល័យ University of New South Wales (UNSW) នៅចក្រភពអង់គ្លេស បានធ្វើការស្ទង់មតិលើប្រជាជនចំនួន ៥០០០គ្រួសារ ទូទាំងប្រទេសកម្ពុជា និងបានរកឃើញថា មានប្រជាជនប្រមាណ ២៨,១ភាគរយ បានខ្ចីប្រាក់ដើម្បីថែទាំសុខភាព ហើយក្នុងចំណោមប្រជាជន ៥៥ភាគរយ ដែលបានខ្ចី ត្រូវបានរងផលប៉ះពាល់ពីកម្ចីទាំងនោះ។
របាយការណ៍ខាងលើបានបង្ហាញថា កម្ចីជាមធ្យមមានចំនួន១២៥ដុល្លារអាមេរិក ដោយក្នុងនោះទឹកប្រាក់ចំនួន ២០០ដុល្លារ មានអត្រាការប្រាក់ ខណៈ៧៥ដុល្លារទៀតមិនមានអត្រាការប្រាក់។ ជាមធ្យមក្នុងការសងកម្ចីមានរយៈពេល ៨ខែ ប៉ុន្តែសម្រាប់គ្រួសារដែលខ្វះលទ្ធភាពក្នុងការសងកម្ចីនេះ មាន៧៨ភាគរយបានចំណាយរយៈពេលរហូតដល់ជាង១២ខែ។
បើតាមលោក Augustine Asante សហដឹកនាំការនិពន្ធ សាលាសុខភាពសាធារណៈ និងវេជ្ជសាស្ដ្រសហគមន៍នៅសាកលវិទ្យាល័យ UNSW Sydney បានលើកឡើងថា «ថវិកា២០០ដុល្លារ ជាចំនួនច្រើនណាស់សម្រាប់ក្រុមគ្រួសារដែលមានចំណូលសេដ្ឋកិច្ចទាប។ ប្រសិនបើអ្នករស់នៅប្រទេសអូស្ត្រាលី អ្នកប្រហែលជាគិតថាលុយ២០០ដុល្លារមិនច្រើនទេ ប៉ុន្តែសម្រាប់តំបន់ជនបទក្នុងប្រទេសកម្ពុជា វាស្មើនឹង៧ភាគរយនៃប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ។ វាជាការពិតដែលភាពក្រីក្រត្រូវបានចាត់ទុកជាចំណុចសំខាន់ នៅពេលវាចូលមកកំណត់លើហិរញ្ញប្បទានសុខភាព ព្រោះគ្រួសារក្រីក្រភាគច្រើនបានខ្ចីប្រាក់ដែលមានអត្រាការប្រាក់»។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា នៅក្នុងការអនុវត្តជាក់ស្តែងនៅក្នុងវិស័យហិរញ្ញវត្ថុមិនមានប្រភេទកម្ចីសម្រាប់ការព្យាបាលជំងឺនោះទេ ប៉ុន្តែភាគច្រើននៃប្រជាជនកម្ពុជានៅតំបន់ជនបទតែងតែប្រើប្រាស់ផ្នែកមួយនៃកម្ចីសម្រាប់ការព្យាបាលរបស់ពួកគេ។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការយកកម្ចីណាមួយមិនមានន័យថា អាក្រក់ ឬល្អនោះទេ ដោយសារតែពួកគេកំពុងស្ថិតក្នុងតម្រូវការ ថាតើសម្រាប់អាជីវកម្ម ឬសម្រាប់ការប្រើប្រាស់លក្ខណៈបុគ្គល?» នេះបើតាមបទសម្ភាសន៍ដោយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីពេលកន្លងទៅ៕
ដោយ៖ ជួប ស្រីរ័ត្ន