កម្ពុជាអាចនឹងបាត់បង់ចំណូលប្រចាំឆ្នាំរហូតជិត២ពាន់លានដុល្លារ ប្រសិនបើបាត់បង់EBA
កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ សហភាពអឺរ៉ុប បានបញ្ជូនរបាយការណ៍បឋមស្ដីអំពីលទ្ធផលនៃការស៊ើបអង្កេតលើការចោទប្រកាន់អំពីការរំលោភបំពានលើលក្ខខណ្ឌ EBA ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ថានឹងទុកពេលឲ្យកម្ពុជា ១ខែ ដើម្បីឆ្លើយតបមុនពេលសម្រេចថាត្រូវដកហូត EBA ពីកម្ពុជាឬអត់ ដែលនឹងត្រូវធ្វើឡើងនាខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ គណៈកម្មការសហភាពអឺរ៉ុបទទួលបន្ទុកខាងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
ជុំវិញនឹងបញ្ហា EBAខាងលើ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងផងដែរថា កម្ពុជាមានរយៈពេល១ខែដើម្បីឆ្លើយតបនឹងរបាយការណ៍របស់សហភាពអឺរ៉ុបស្តីអំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA។ បើកម្ពុជាសម្រេចចិត្តមិនបានល្អ កម្ពុជានឹងខាតបង់ផលចំណេញពីការលើកលែងពន្ធនាំចេញប្រមាណ៧០០លានដុល្លាអាមេរិក ក្នុង១ឆ្នាំៗ ឬប្រមាណ២លានដុល្លាអាមេរិកក្នុង១ថ្ងៃៗ។
ដោយនេះមិនទាន់គិតពីផលប៉ះពាល់ដែលអាចឈានដល់បាត់បង់ការងារសម្រាប់កម្មករប្រមាណ៨០ម៉ឺននាក់ផង។ ដូច្នេះប្រសិនបើកម្មករប្រមាណជិត១លាននាក់នេះបាត់បង់ការងារ ដោយគិតតែប្រាក់ខែគោលចំនួន១៩០ដុល្លារក្នុងមួយខែ នោះក្នុង១ខែយើងអាចនឹងបាត់បង់ចំណូលរហូតដល់ ១៥២លានដុល្លារ ដូច្នេះប្រសិនបើគិតជាចំណូលប្រចាំឆ្នាំគឺយើងនឹងបាត់បង់ប្រមាណជា ១៨៤២លានដុល្លារអាមេរិកឯណោះ។
អ្នកជំនាញរូបនេះបានឲ្យដឹងបន្ថែមថា «ចំណូលប្រចាំឆ្នាំប្រមាណ ១៨៤២លានដុល្លារអាមេរិកនេះ បើយើងប្រៀបធៀបជាមួយចំណូលជាតិសរុប (GDP) ដែលមានចំនួនជាង២៤ពាន់លានដុល្លារ គឺស្មើនឹង ៧.៥ភាគរយ។ ដូច្នេះបើយើងគិតត្រឹមតែការបាត់បង់ចំណូលរបស់កម្មករនៅក្នុងវិស័យកាត់ដេរ ដោយមិនគិតពីការបាត់បង់ចំណូលនឹងការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើងជាដើម គឺស្មើនឹង ៧.៥ភាគរយ នៃទំហំសេដ្ឋកិច្ចជាតិទាំងមូល ដូច្នេះយោងតាមទិន្នន័យខាងលើនេះសបញ្ជាក់ឲ្យឃើញថា ប្រសិនបើឈានដល់ដំណាក់កាលនេះ នោះសេដ្ឋកិច្ចកម្ពុជានឹងមិនមានកំណើនទេ ប៉ុន្តែផ្ទុយទៅវិញនឹងមានការធ្លាក់ចុះជាគំហុកតែម្ដង»។
បើតាមអ្នកស្រី Cecilia Malmstrom ឧត្ដមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកខាងពាណិជ្ជកម្ម បានសរសេរលើបណ្ដាញ Twitter របស់លោកស្រីថា៖ គណៈកម្មការអឺរ៉ុបបានបញ្ចប់របាយការណ៍របស់ខ្លួនស្ដីអំពីការព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធEBA សម្រាប់កម្ពុជា។ យើងបារម្ភខ្លាំងណាស់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឥឡូវ កម្ពុជាមានពេលមួយខែ ដើម្បីឆ្លើយតប មុនពេលសេចក្ដីសម្រេចចិត្តចុងក្រោយដែលនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសទទួលផលប្រយោជន៍ធំបំផុតទីពីរ ពីប្រព័ន្ធអនុគ្រោះពន្ធ «មុខទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ» ឬហៅកាត់ថា EBA នេះ។ កាលពីឆ្នាំ២០១៨ កម្ពុជានាំចេញទំនិញ ដែលភាគច្រើនបំផុតជាសំលៀកបំពាក់កាត់ដេរ និងស្បែកជើង ដែលមានទំហំទឹកប្រាក់រហូតដល់ ៥,៣ពាន់លានអឺរ៉ូ ឬប្រហែល ៥,៨៤ពាន់លានដុល្លារអាមេរិក ទៅកាន់ទីផ្សារអឺរ៉ុប ដោយពុំមានជាប់ពន្ធ៕
ដោយ៖ ជួប ស្រីរ័ត្ន