រោងចក្រស៊ីម៉ង់តិ៍ដ៏ធំលើទំហំដី៧០០ហិកតាត្រូវបានសម្ពោធឲ្យដំណើរការជាស្ថាពរ
រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង» ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៧០០ហិកតា លើទឹកដីខេត្តកំពត ព្រមទាំងមានសមត្ថភាពអាចផលិតស៊ីម៉ង់បានប្រមាណជិត១លានតោនក្នុងមួយឆ្នាំ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការអញ្ជើញចូលរួមជាអធិបតីដោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រោងចក្រស៊ីម៉ង់តិ៍ដ៏ធំរបស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាមេរិកនេះ មានទីតាំងស្ថិតនៅ តំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ព្រមទាំងមានសមត្ថភាពអាចផលិត ស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ហើយ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះផងដែរ អាចផលិតស៊ីម៉ង់តិ៍បានរហូតជិត ៨លានតោនក្នុងមួយឆ្នាំ៕
ដោយ៖ ជួប ស្រីរ័ត្ន