រោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងដំណើរការជាផ្លូវការអាចផលិតស៊ីម៉ង់២,៥០០តោនក្នុងមួយថ្ងៃ​



រោងចក្រផលិតស៊ីម៉ង់តិ៍ តម្លៃប្រមាណ១១០លានដុល្លារ របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា ដាក់អោយដំណើរការជា ផ្លូវការហើយ ក្នុងខេត្តកំពត ជាមួយនឹងសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។

រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥របស់កម្ពុជានេះ ត្រូវបាន ដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃព្រសហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងស្រុកដងទង់ ខេត្តកំពត។

សម្តេចតេជោបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផល ដែល យើងមានស្រាប់ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកនៃវិស័យសំណង់ដែលកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា។ 

សម្តេចបន្តថា ខេត្តកំពតយើងមានរោងស៊ីម៉ងត៍ ចំនួន រួមទាំងរោងចក្រផលិត វារីអគ្គិសនី១ផងដែរ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាយើង។ ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវប្រភេទបេតុងជាដើម។

បើតាមរបាយការណ៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបាន អោយដឹងថា រោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ វត្តមានរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារ អចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ហើយ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ៕

X
5s