ក្នុងរយៈពេល១០ខែឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានទេសចរបរទេសជាង៧៣ម៉ឺននាក់
ព្រះសីហនុ គឺជាខេត្តទេសចរណ៍ដ៏សំខាន់ និងជាប៉ូលជាតិមួយដែលមិនអាចខ្វះបានរបស់កម្ពុជា។ ដោយមានឆ្នេរសមុទ្រស្រស់ស្អាត រួមទាំងសក្ដានុពលនៃកោះបណ្ដាកោះផងខេត្តបានទាក់ទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តចំនួន ៧៣១,៦៧៥នាក់ ក្នុងចំណោមទេសចរសរុបចំនួន ១,៩៤០,១៩៩នាក់ ដែលបានមកកាន់ខេត្តព្រះសីហនុ នារយៈពេល១០ខែឆ្នាំ២០១៩នេះ។
នាពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សណ្ឋាគារ និងមណ្ឌលកំសាន្ត ឌុនហ័ង (DOUNHUANG) ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុលើកឡើងថា ខេត្តព្រះសីហនុមានសក្ដានុពល សេដ្ឋកិច្ចខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ជាមួយនឹងការកម្សាន្តតាមឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត កំពង់ផែអន្តជាតិ អាកាសយានដ្ឋានអន្តជាតិ និងធនធានធម្មជាតិដ៏សំបូរបែប និងត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី»។
ឯកឧត្ដមបានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ ខេត្តទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១,៩៤០,១៩៩នាក់ កើនឡើង ១០.៦២% ក្នុងនោះ ភ្ញៀវជាតិ ១,២០៨,៥២៤នាក់ និងភ្ញៀវអន្តរជាតិ ៧៣១,៦៧៥នាក់។ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ គិតត្រឹមខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ ១០៨កន្លែង ស្មើនឹង ៧,១៦២បន្ទប់ ផ្ទះសំណាក់ ២៣៧កន្លែង ស្មើនឹង ២,៩៣៦បន្ទប់ បឹងហ្គាឡូចំនួន ៣១កន្លែង ស្មើនឹង ៤៣១បន្ទប់ ភោជនីយដ្ឋាន ៣១៣កន្លែង ស្មើនឹង ១៣,៨៣៣តុ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរកម្សាន្តសរុបចំនួន ២.០៤៧.៧៧៤នាក់ បានកើនឡើងចំនួន ២,៦៣% ធៀបទៅនឹងឆ្នាំមុនបន្ទាប់៕
ដោយ៖ ជួប ស្រីរ័ត្ន