គិតត្រឹម១០ខែឆ្នាំ២០១៩ ចំណូលពន្ធ-អាករកើនឡើងជាង៥៣០លានដុល្លារ
គិតមកដល់ត្រឹមខែតុលា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួនប្រមាណ ២៤០៤,២១លានដុល្លារអាមេរិក ដែលស្មើនឹង ១០៥,០៦% នៃផែនការប្រចាំឆ្នាំ បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ គឺបានកើនឡើងចំនួនប្រមាណជា ៥៣០,៥០លានដុល្លារអាមេរិក ដែលស្មើនឹង ២៨,៣១%។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា សម្រាប់រយៈពេល១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៦១៦,៨៣ ប៊ីលានរៀល (ប្រមាណ ២ ៤០៤,២១លានដុល្លារអាមេរិក) ស្មើនឹង ១០៥,០៦% នៃផែនការប្រចាំឆ្នាំ។
ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅក្នុងខែតុលា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៨៧,៦៤ប៊ីលានរៀល (ប្រមាណជា ២២១,៩១លានដុល្លារអាមេរិក) ស្មើនឹង ៩,៧០%នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ឃើញថាបានកើនឡើងចំនួន ១៥៦,១៩ប៊ីលានរៀល (ប្រមាណជា ៣៩,៧៩លានដុល្លារអាមេរិក) ស្មើនឹង ២១,៨៥%។
ឯកឧត្ដមបានលើកឡើងផងដែរថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធ និងសហគ្រាស មានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់៕
ដោយ៖ ស្រីរ័ត្ន