មេរៀនដ៏មានឥទ្ធិពលទាំង ៤ ពី Coca Cola ក្នុងការកសាងម៉ាកយីហោអាជីវកម្មឈរជើងបានរយឆ្នាំ
និយាយពីយីហោភេស្ជៈ Coca Cola ទូទាំងពិភពលោកនរណាក៏ស្គាល់ដែរ មិនថាក្មេង ចាស់ បុ្រស ស្រី ប្រជាជននៅប្រទេសជឿនលឿន ឬប្រទេសក្រីក្រទេ។ បើគិតពីប្រវត្តិក្រុមហ៊ុន Coca Cola វិញគឺមានអាយុជាង ១៣០ ឆ្នាំទៅហើយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩២ នៅ សហដ្ឋអាមេរិក។
ការដែលអាចរក្សាដំណែង និងឈរជើងលើទីផ្សារបានរយៈពេលយូរដូច្នេះមិនមែនជារឿងងាយស្រួលទេ ព្រោះអ្វីៗមិនអាចធ្វើឡើងត្រឹមរយៈពេលមួយថ្ងៃទេ វាត្រូវការពេលវេលានិងការខិតខំប្រឹងប្រែងខ្លាំងដើម្បីទទួលបានលទ្ធផលមួយនេះ។ តើក្រុមហ៊ុន Coca Cola បានធ្វើអ្វីខ្លះទើបអាចធ្វើឲ្យក្រុមហ៊ុនខ្លួនក្លាយទៅជាក្រុមហ៊ុនយក្ស មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកបែបនេះ? តោះទៅយុទ្ធសាស្រ្តកសាងម៉ាកសញ្ញាដ៏ល្អបំផុតទាំង ៤ របស់ Coca Cola៖
១) ភាពស្ថិតស្ថេរជាអាទិភាព និងជាស្តេចក្នុងការប្រកបអាជីវកម្ម
នេះជាការដាក់ចេញនូវចក្ខុវិស័យក៏ច្បាស់លាស់មួយរបស់ក្រុមហ៊ុន Coca Cola ដែលពួកគេបានកំណត់យ៉ាងជាក់លាក់ថា អាជីវកម្មរបស់គេមួយនេះត្រូវតែដំណើរការយ៉ាងស្ថេរភាពព្រោះបើអាជីវកម្មមួយមិនអាចមានដំណើរការស្ថេរភាពទេ អាជីវកម្មនោះក៏មិនអាចបន្តជីវិតរស់បានដែរ។
ភ្ជាប់បន្ថែមពីលើការកំណត់ចក្ខុវិស័យ ការយល់ពីតម្រូវការអតិថិជនក៏កាន់តែសំខាន់ដែរ ព្រោះគោលដៅនៃការលក់គឺអតិថិជន បើគ្មានការគាំទ្រពីអតិថិជនក៏អាជីវកម្មនេះមិនអាចដំណើរការទៅដោយស្ថេរភាពដែរ។ ជាម្ចាស់អាជីវកម្មក៏ត្រូវចេះព្យាករណ៍ វិភាគមើលដែរថាតម្រូវការអតិថិជនក្នុងពេលនេះ និងនៅពេលខាងមុខ មួយសប្ដាហ៍ទៀត មួយខែទៀត មួយឆ្នាំទៀតអាចនឹងនៅដដែល ឬមានការប្រែប្រួល បើនៅពេលខាងមុខពិតជាមានការប្រែប្រួលមែន យើងត្រូវធ្វើអ្វីបន្ត មានការផ្លាស់ប្តូរ ឬបង្កើតផលិតផលថ្មីអ្វីបន្ថែមទៀតទើបអាចធានារក្សាបានអតិថិជន។
ដូចដែលទស្សនាវដ្តី Forbes បានពន្យល់ថាការបង្កើត ការច្នៃប្រឌិតជារឿងល្អបំផុតសម្រាប់អាជីវកម្ម តែ ការច្នៃប្រឌិតមួយដែលប្រើសម្រាប់ពេលយូរអង្វែងពេកដើម្បីអ្នកប្រើប្រាស់ វាអាចនឹងធ្វើឲ្យខាតពេលវិញ ព្រោះអាជីវកម្មនីមួយៗគួរមានការច្នៃប្រឌិតតិចៗ តែបន្តផ្តល់ជូនអ្វីថ្មីដល់អតិថិជនក្នុងទម្រង់រក្សាអត្តសញ្ញាណរបស់ខ្លួននៅដដែល។ ចំពោះ Coca Cola ក៏ដូចគ្នាគេបានបង្កើតផលិតផលថ្មីជាច្រើនក្នុងពេលបន្តបន្ទាប តែរក្សានូវពុម្ពអក្សរ ស្លាកយីហោ និងពណ៌ក្រហមដែលបង្ហាញពីលក្ខណៈពិសេសនៃការធ្វើទីផ្សាររបស់ខ្លួនដើម្បីបង្កើតស្នាមញញឹម និងភាពរីករាយ។
២) ការផ្លាស់ប្តូរធំពេក នឹងក្លាយជាមហន្តរាយដល់អាជីវកម្ម
មានផ្នត់គំនិតមួយនេះទើប Coca Cola ព្យាយាមបង្កើតគំនិតច្នៃប្រឌិតថ្មីប្លែកតិចៗ ដូចជាការផ្លាស់ប្តូររូបរាងដប កំប៉ុង ការរចនាខាងក្រៅឲ្យមើលទៅទាក់ទាញតែរក្សាគុណភាពផលិតផលនៅដដែល។ ដូចគ្នានេះដែរ យូរៗម្តង Coca Cola ដាក់ចេញរសជាតិថ្មីមួយ តែនៅមានក្លិននិងភាពជាភេស្ជៈ Coca Cola ដូចជាបន្ថែមរសជាតិកាហ្វេជាដើម។ ទាំងអស់នេះបង្ហាញថាទោះបីជាមានការផ្លាស់ប្តូរ បង្កើតអ្វីថ្មី ក៏នៅតែរក្សាភាពជាភេសជ្ជៈ Coca Cola និងអត្តសញ្ញាភេស្ជៈគ្មានជាតិអាល់កុលរបស់ខ្លួនដដែល។
៣) បន្ថែមម៉ាកលើផលិតផល
នៅក្នុងត្រកូល និងគ្រួសាររបស់ Coca Cola ដដែលតែគេបានបង្កើតផលិតផលថ្មីដាក់ដោយឡែកដូចជាទឹកសុទ្ធ Dasani សូដា និងទឹកក្រូច Minute Maid ជាដើមដែលមានទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ការបង្កើតផលិផលថ្មីបន្ថែមនេះគឺដើម្បីទាញយកចំណែកទីផ្សារ ព្រោះបន្ទាប់ពីការដឹង ការស្គាល់របស់អតិថិជនអស់រយៈកាលយ៉ាងយូរ តម្រូវការក៏ចាប់ផ្តើមធ្លាក់ចុះហើយការធ្វើបែបនេះជាវិធីសាស្រ្ត និងជាយុទ្ធសាស្រ្តទីផ្សារដ៏ល្អបំផុតដើម្បីទាញអតិថិជន។
៤) ការធ្វើទីផ្សារដ៏ឆ្លាតវៃ និងការចែករំលែកស្នាមញញឺម
មិនមែនសុខៗមានអតិថិជនស្គាល់ច្រើន មិនមែនមកពីចំណាយពេលយូរទើបអាចទាញបានអតិថិជនទេ តែ Coca Cola ព្យាយាមខ្លាំងណាស់ក្នុងការលក់ និងធ្វើឲ្យអតិថិជនស្គាល់ផលិតផលខ្លួនដោយប្រើយុទ្ធសាស្រ្តមួយសំខាន់គឺ “រុញផលិតផលឲ្យទៅដល់ដៃអតិថិជន កាន់តែកៀកកាន់តែជោគជ័យ”។ យើងមើលនៅសហរដ្ឋអាមេរិក និងជប៉ុនជាដើម Coca Cola ព្យាយាមបញ្ចូលផលិតផលខ្លួនទៅក្នុងទូរក្លាសេលក់ភេស្ជៈឆ្លាតវៃនៅតាមស្ថានីយរថភ្លើង ព្រោះដឹងថាជាទីកន្លែងដែលមានមនុស្សច្រើន ហើយអ្នកដំណើរទាំងអស់ច្បាស់ជាត្រូវការភេស្ជៈសម្រាប់ផឹក។ នៅស្ថានីយរថភ្លើងគេមិនអាចចំណាយពេលយូរដើរទៅទិញទឹក ឬភេស្ជៈនៅទីឆ្ងាយបានទេ ដូច្នេះអ្វីដែលជាការផ្តល់ភាពងាយស្រួលគឺអាចដាក់កាក់ទិញភេស្ជៈពីងទូរក្លាសេលក់ភេស្ជៈឆ្លាតវៃនេះឯង។ បន្ទាប់ពីនោះគេសង្កេតឃើញថា ការលក់មានកំណើនឡើងជាលំដាប់ ការចំណាយប្រតិបត្តិការសម្រាប់ការលក់បានកាត់បន្ថយ ព្រោះការប្រើងទូរក្លាសេលក់ភេស្ជៈឆ្លាតវៃអាចកាត់បន្ថយបុគ្គលិកបានមួយផ្នែក ហើយវាក៏ជាភាពជោគជ័យចំពោះយុទ្ធសាស្រ្តទីផ្សាររបស់គេមួយនេះ។
មិនត្រឹមតែប៉ុននេះ Coca Cola តែចូលរួមក្នុងការចែករំលែកភាពសប្បាយរីករាយ និងបង្កើតស្នាមញញឹមដល់អតិថិជន ដោយសម្របតាមវប្បធម៌ប្រទេសនៅមួយៗដូចជានៅកម្ពុជា Coca Cola តែងចូលរួមចែករំលែកភាពរីករាយក្នុការជួបជុំគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ និងពិធីនានាជាច្រើន៕
ដោយ៖ យ៉ាយ៉ា