ក្រុមហ៊ុនចិន ចាប់អារម្មណ៍លើការវិនិយោគលើគម្រោងរោងចក្រកែច្នៃដំឡូងមីធ្វើជាម្សៅ ក្នុងខេត្តក្រចេះ
ភ្នំពេញ៖ ក្រុមហ៊ុនចិន ចាប់អារម្មណ៍លើការវិនិយោគលើគម្រោងរោងចក្រកែច្នៃដំឡូងមីធ្វើជាម្សៅ ក្នុងខេត្តក្រចេះ ដែលមានសមត្ថភាពផលិតបានរហូតដល់ជា ១០០.០០០តោន ក្រោយក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើចិនឲ្យជួយគៀរកវិនិយោគិនបន្ថែម វិនិយោគលើវិស័យផលិតផលកែច្នៃកម្ពុជា។
តបតាមការស្នើសុំរបស់ឯកឧត្តមប៉ានសូរស័ក្ដិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនចិនចំនួន២០ កាលពីថ្ងៃទី២១ វិច្ឆកានេះ មានក្រុមហ៊ុនចិន ចំនួន២ បានបានសម្រេចចិត្តវិនិយោគនៅកម្ពុជាគឺក្រុមហ៊ុនGuomei Linqor Group ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គការវេចខ្ចប់លក់ជីសរីរាង្គនិងចែកចាយបន្លែសរីរាង្គនិងក្រុមហ៊ុនFu Lai Chun Group ដើម្បីដំឡើងរថយន្ត។
ហើយក្រុមហ៊ុនGuomei Linqor Group ក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅក្នុងលទ្ធភាពផលិត១០០.០០០តោននៅខេត្តក្រចេះ។ឯកឧត្តមវ៉ាងស៊ូជានបានសម្ដែងការតាំងចិត្តថានឹងបន្តផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនមកពីខេត្តសានតុងមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតហើយបានធានាទិញផលិតផលទាំងនោះផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបបន្ថែមថាកម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្មជាពិសេសលើកសិផលដូចជាស្វាយចេកមៀនដំឡូងមីនិងស្រូវប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃនិងវេចខ្ចប់។នៅក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រី បានស្នើ សុំឯកឧត្តម វ៉ាង ស៊ូជាន ឲ្យជួយកៀរគរវិនិយោគិនបន្ថែមទៀតមកវិនិយោគក្នុងវិស័យកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។
គួរបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសចិនជាដៃគូពាណិជ្ជកម្មនិងវិនិយោគិនដ៏ចម្បងរបស់កម្ពុជាខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨មានចំនួន៦០៤០លានដុល្លារឤមេរិកកើនឡើងជាង១៣,៨% បើធៀបនឹងឆ្នាំ២០១៧៕
ដោយ៖ ស្រីពេជ្រ