បណ្ឌិត អ៊ិន ចាន់នី៖ ស្ថានភាពវិស័យធនាគារនៅកម្ពុជានៅតែមានសញ្ញាវិជ្ជមាន បើទោះមានការគំរាមពីEBA​



ភ្នំពេញ៖ បណ្ឌិត អ៊ិន ចាន់នី ថា ស្ថានភាពវិស័យធនាគារនៅកម្ពុជានាពេលបច្ចុប្បន្ននេះ នៅតែមានសញ្ញាវិជ្ជមានដដែល បើទោះបីជាមានការគំរាមកំហែងខ្លះពីការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជារបស់សហភាពអឹរ៉ុបក៏ដោយ។

លើកឡើងនៅក្នុងសន្និសីទធនាគារអាស៊ានលើកទី២២  និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមធនាគារអាស៊ានលើកទី៤៩  នៅសណ្ឋាគារសុខា  ភ្នំពេញ កាលពីពេលថ្មីៗនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ព្យាករណ៍ថាមានកំណើនខ្ពស់ ជាក់ស្ដែងឆ្នាំនេះ និងឆ្នាំក្រោយ ជាដើម។ ហើយបើគិតជាមធ្យមក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានជាមធ្យមជិត៨ភាគរយឯណោះ។ ដូច្នេះអ្វីដែលយើង និងរដ្ឋាភិបាល ត្រូវធ្វើបន្តបន្ទាប់ទៀតនោះ គឺហេដ្ឋារចនាសម្ព័ន្ធវិស័យធនាគារ និងច្បាប់ ពាក់ព័ន្ធ នានាជាដើម ។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ដែរថា ការអភិវឌ្ឍន៍ទៅមុខ តែងតែជួបប្រទះបញ្ហា តែសម្រាប់វិស័យបចេ្ចកវិទ្យាហិរញ្ញវត្ថុ វាអាចជាបញ្ហាប្រឈមរយៈពេលខ្លីប៉ុណ្ណោះ តែគ្រប់គ្នាត្រូវជំនះ តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងសិក្សាចែករំលែកពី បណ្តាប្រទេសក្នុងតំបន់។

លោកបណ្ឌិតបន្តថា នាពេលខាងមុខ នឹងមានកំណែទម្រង់ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស គឺការបង្កើតប្រព័ន្ធឌីជីថលសម្រាប់វិស័យធនាគារអាស៊ានតែមួយ ដែលផ្សាភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធធនាគារឌីជីថល និងផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសក្នុងសហគមន៍អាស៊ាន។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការធ្វើទំនើបកម្មលើ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាហិញ្ញវត្ថុថ្មីៗ បានជួយបង្កើន ប្រសិទ្ធភាពក្នុងការផ្ដល់សេវាហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋអាស៊ានច្រើនជាង៦០០លាននាក់ប្រកបដោយសុវត្ថិភាពនិងបរិយាប័ន្ន  ហើយការ ដែល កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និសីទធនាគារអាស៊ានលើកទី ២២ នាពេលនេះ នឹងអាចឲ្យកម្ពុជា បង្ហាញឲ្យប្រទេសជាសមាជិកអាស៊ាន បានស្គាល់កាន់តែច្បាស់ពី សក្តានុពលនៃវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា សន្និសីទធនាគារអាស៊ានលើកទី ២២ និង កិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ គឺជាកម្មវិធីដ៏ធំ និងជាលើកដំបូងបង្អស់មួយនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកានេះ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង ៥០០នាក់ មកពីសមាគមធនាគារនៃប្រទេសអាស៊ានទាំង ១០ និងអ្នកវិនិយោគក្នុងវិស័យធនាគារ អ្នកជំនាញការផ្នែកបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចវិទូផងដែរ៕

ដោយ៖ ស្រីពេជ្រ

X
5s