សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងថមថយមកត្រឹម៦.៨%នៅឆ្នាំ២០២០និង២០២១
បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ជាងការរំពឹងទុកកាលពីឆ្នាំ២០១៨ ដែលមានអត្រាកំណើន ៧.៥% កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩នេះ ត្រូវបានធនាគារពិភពលោកព្យាករណ៍ថានឹងថមថយចំនួន ០.៥% មកនៅត្រឹម៧% ប៉ុន្តែអត្រានេះវានឹងបន្តថមថយបន្ថែមទៀតមកនៅត្រឹម ៦.៨% នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការព្យាករណ៍របស់ធនាគារពិភពលោកដែលបានបង្ហាញកាលពីកំឡុងខែតុលាកន្លងទៅ។
យោងតាមទិន្នន័យរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញនូវលទ្ធផលនៃការព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តថមថយមកត្រឹម ៦.៨%ក្នុងឆ្នាំ២០២០ និង ៦.៧% ក្នុងឆ្នាំ២០២១។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបង្ហាញលទ្ធផលព្យាករណ៍ដូចគ្នាគឺ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់មកត្រឹម ៦.៨%ក្នុងឆ្នាំ២០២០ និង២០២១។ ដោយឡែកសម្រាប់រដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជានឹងមានត្រឹមតែ ៦.៥%ប៉ុណ្ណោះ។
បន្ថែមពីនេះ បើយោងតាមរបាយការណ៍ «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» ចេញដោយធនាគារពិភពលោក (World Bank) ដែលជារបាយការណ៍ចុងក្រោយសម្រាប់ឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា នេះ បានបញ្ជាក់ថា ការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល៧០%នៃទំនិញគ្រប់មុខដែលកើន ១៧.៧% ក្នុងឆ្នាំ២០១៨ បានធ្លាក់ចុះមកត្រឹម១៥.៣% នៅក្នុងខែមិថុនា ឆ្នាំ២០១៩។ ចំណែកឯវិស័យសំណង់ដែលជាវិស័យស្នូលរបស់សេដ្ឋកិច្ចកម្ពុជា នៅតែបន្តមានកំណើន ជាក់ស្ដែងការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ាងគំហុក ពី២៧.៧% នៅឆ្នាំ ២០១៨ ដល់ទៅ ៦៣.៥% នៅត្រឹមខែមិថុនា ឆ្នាំ២០១៩។
ប៉ុន្តែ នៅក្នុងរបាយការណ៍ក៏បានលើកឡើងផងដែរពីហានិភ័យដែលបន្តកើនឡើងចំពោះវិស័យហិរញ្ញវត្ថុកម្ពុជា ដោយសារតែការពូនគរនៃបំណុលក្នុងវិស័យសំណង់ និងអចលនទ្រព្យ បន្ថែមពីនេះក៏នៅមានលទ្ធភាពនៃការដកចេញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប៕
ដោយ៖ ជួប ស្រីរ័ត្ន