អគ្គនាយកផ្សារមូលបត្រកម្ពុជា៖ បញ្ហាធំៗ ៣ដែលតែងរាំងស្ទះដល់អាជីវកម្មក្នុងស្រុក
ពិតណាស់មិនថាអាជីវកម្មប្រភេទណាក៏ដោយ បញ្ហានិងហានិភ័យជាច្រើនដែលត្រូវជួបប្រទះគឺជារឿងដែលមិនអាចជៀសផុតនោះទេ។ ផ្អែកតាមបទពិសោធន៍និងការសិក្សាផ្ទាល់ខ្លួន ឯកឧត្ដម ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកយកនៅបញ្ហាធំៗ ៣ដែលឯកឧត្ដមតែងសង្កេតឃើញកើតឡើងជារឿយៗចំពោះអាជីវកម្មនៅកម្ពុជា។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកម្មវិធី "The Executive Talks 2019” ក្រោមប្រធានបទ «ផលិតផលក្នុងស្រុក៖ កាលានុវត្តភាព ឧបសគ្គ និងកត្តាផ្សេងៗ» កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសនៃកម្មវិធីឯកឧត្ដមអគ្គនាយកបានលើកឡើងថា ចំពោះអាជីវកម្មក្នុងស្រុកច្បាស់ណាស់ថានឹងជួបប្រទះនូវបញ្ហាជាច្រើន ប៉ុន្តែក្នុងនោះមានបញ្ហាធំៗ៣ដែលតែងកើតឡើងនឹងបានធ្វើឲ្យរាំងស្ទះដល់ភាពរីកចម្រើនរបស់អាជីវកម្ម។
បញ្ហាទី១ ម្ចាស់អាជីវកម្មខ្វះការឆ្នៃប្រឌិត៖ ផលិតផលក្នុងស្រុកមួយចំនួនច្រើនតែចម្លងតាមគ្នា ដោយមានមួយចំនួនគឺស្ទើរតែមានលក្ខណៈដូចគ្នាទៅហើយ ដូច្នេះត្រូវរៀនផ្លាស់ប្ដូរ បើទោះជាពេលខ្លះផលិតផលនោះមិនមែនជាផលិតផលថ្មីទាំងស្រុងក៏ដោយ ក៏យើងត្រូវធ្វើឲ្យមានភាពច្នៃប្រឌិតខ្លះបង្កប់នៅក្នុងនោះដែរ។
បញ្ហាទី២ មិនស្គាល់ទីផ្សារគោលដៅ៖ ភាគច្រើនម្ចាស់អាជីវកម្មនៅពេលដែលសួរដល់អតិថិជនគោលដៅ ពួកគាត់តែងតែមិនមានភាពច្បាស់លាស់ ពោលគឺភាគច្រើនផ្គត់ផ្គង់គ្រប់អតិថិជនទាំងអស់ដោយមិនបានកំណត់។ នេះគឺជាកំហុសឆ្គងដ៏ធំមួយសម្រាប់ម្ចាស់អាជីវកម្ម ព្រោះបើគ្មានភាពច្បាស់លាស់បែបនេះផលិតផលដែលផលិតបានអាចនឹងមិនសូវត្រូវគោលដៅទីផ្សារនោះទេ។
បញ្ហាទី៣ ការធ្វើអាជីវកម្មបែបបុរាណ៖ អាជីវកម្មក្នុងស្រុកមួយចំនួននៅពេលដែលរីកចម្រើន គឺពួកគាត់ចាប់ផ្ដើមសន្សំដើមទុនរាប់ខែរាប់ឆ្នាំដើម្បីពង្រីកសាខាអាជីវកម្មថ្មីផ្ទាល់ខ្លួន ហើយច្រើនតែកំណាញ់មិនព្រមទទួលការចូលរួមភាគហ៊ុនពីអ្នកដទៃនោះទេ។ ឯកឧត្ដមថានេះគឺជាការធ្វើអាជីវកម្មបែបបុរាណ ដែលវានឹងរុញច្រានឲ្យអាជីវកម្មអស់ឱកាសក្នុងការពង្រីកខ្លួន ព្រោះនៅកម្ពុជាគឺមានអាជីវកម្មដែលចាំចម្លងច្រើន។
ដូច្នេះអ្វីដែលល្អគឺការធ្វើអាជីវកម្មសម័យថ្មី ប្រសិនបើមើលឃើញថាគំនិតអាជីវកម្ម និងអាជីវកម្មដំណើរបានល្អហើយ ជារៀងរាល់៣ខែម្ដងម្ចាស់អាជីវកម្មគួរចាប់ផ្ដើមគិតពីការពង្រីកខ្លួន តាមរយៈការផ្ដល់ឱកាសតាមរយៈការលក់ភាគហ៊ុន ព្រោះធ្វើបែបនេះនិងទទួលបានហានិភ័យទាបហើយផលចំណេញខ្ពស់៕
ដោយ៖ ជួប ស្រីរ័ត្ន