ចិន ចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន នៅកម្ពុជា ដោយផ្តោតសំខាន់លើដំណាំដូង​



ភ្នំពេញ៖ ចិន ចចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន នៅកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើប លើការដាំដុះ ប្រមូលផល ផលិតពូជ វិធានការការពារជំងឺ សត្វល្អិត និងកែច្នៃដំណាំ ពិសេសផ្តោតសំខាន់ទៅលើការនាំចេញដំណាំដូងពីកម្ពុជា។

Mr. Wang Yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd  ពីខេត្តហាយណាន បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេស ថៃបានធ្វើការនាំ ចេញផ្លែដូងទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកកម្ពុជាមានលក្ខណ:ភូមិសាស្រ្តទឹក ដី និងបរិស្ថានមិនខុសពីប្រទេសថៃ ដូច្នេះ បើគម្រោងនៃការបង្កើតនេះ ទទួលបានជោគជ័យ នោះកម្ពុជាត្រូវបានគេទទួល ស្គាល់លើឆាកអន្តរជាតិកាន់តែច្រើនឡើងតាមរយ:ផលិតផលកសិកម្មតំបន់ត្រូពិច ជាពិសេសដំណាំដូង ។ លោក ថាផ្លែដូងគឺមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត ហើយកម្ពុជាមានផលិតផលនេះនៅក្នុងដៃ គ្រាន់តែនៅមិនទាន់បានឲ្យតម្លៃទៅលើការអនុវត្តបច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ ចងក្រងកំលាំងផលិត និងនាំចេញតែប៉ុនណ្ណោះ។ ហេតុផលនេះ ខេត្តហាយណាដែលជាខេត្តមានសក្តានុពលលើដំណាំនេះ ចង់មក រកដៃគូវិនិយោគដំណាំដូងនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ 

ឯកឧត្តម វេង សាខុន  រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះ ឆន្ទ:បង្កើតសួនបច្ចេកវិទ្យាកសិកម្មដំណាំត្រូពិចកម្ពុជា-ចិន និងការវិនិយោគលើដំណាំដូងនៅកម្ពុជារបស់ខេត្តហាយណាន ព្រោះថាវាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វ ផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យឲ្យដល់ដៃអ្នកផលិត ដើម្បីធានាបានបរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសសួននេះមិនគ្រាន់តែជាថ្នាលសាបព្រោះនូវចំណេះដឹងផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាតតែប៉ុណ្ណោះទេ តែវានឹងជួយប្រាប់ទៅប្រទេសនៅក្នុងតំបន់ និងអន្តរជាតិថាកសិផលកម្ពុជាមានសក្តានុពល សម្រាប់ធ្វើការប្រកួតប្រជែកទីផ្សារនាំចេញ ហើយរាជរដ្ឋាភិបាល ពិតណាស់ បាននិងកំពុងអនុវត្តនូវគោលនយោបាយនៃការជំរុញការនាំចេញផលិតផលកសិកម្មយ៉ាងសកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ពិតណាស់កម្ពុជាមាន សក្តានុពលលើដំណាំនេះ ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះសមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថាផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារមានតម្រូវការទីផ្សារ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនគណ:ប្រតិភូថាក្រសួង ក៏ដូចជារាជរដ្ឋាភិបាលនឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីជួយសម្រួលដល់ការវិនិយោគ ធ្វើយ៉ាងណាឲ្យគម្រោងកិច្ចសហប្រតិបត្តិការនេះសម្រេចទទួលបានជោគជ័យ៕

ដោយ៖ ស្រីពេជ្រ

X
5s