វៀតណាមកំណត់ចក្ខុវិស័យរបស់ខ្លួនជាអ្នកផ្តល់សេវាសុខាភិបាលធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍​



យោងតាមអ្នកគ្រប់គ្រងផែនការនិងទីផ្សាររបស់មន្ទីរពេទ្យ City International Hospital ក្នុងប្រទេសវៀតណាមបានឲ្យដឹងថាមន្ទីរពេទ្យក្នុងប្រទេសវៀតណាម នឹងប្ដេជ្ញាធ្វើជាអ្នកផ្តល់សេវាថែទាំសុខភាពធំជាងគេនៅអាស៊ីអាគ្នេយ៍។ អ្នកគ្រប់គ្រងរូបនេះក៏បានបញ្ជាក់ទៀតថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏ជាប្រទេសគោលដៅសម្រាប់ខាងវិស័យសុខាភិបាលជាមួយការផ្តល់ជូនសេវាកម្មយ៉ាងប្រសើរដល់អ្នកជំងឺផងដែរ។ 

Hospital Ward, Hospital, Medical, Room, Operationរូបតំណាង

១) ស្តង់ដារសេវាសុខាភិបាល និងមន្ទីរពេទ្យប្រទេសវៀតណាម
មន្ទីរពេទ្យមួយចំនួនក្នុងប្រទេសវៀតណាមបានទទួល Joint Commission International ជាផ្លូវការបញ្ជាក់ពីការផ្តល់ជូនសេវាលំដាប់ស្តង់ដារ (Gold Standard) លើសុវត្ថិភាពនិងការថែទាំអ្នកជំងឺក្នុងនោះមានមន្ទីរពេទ្យ Vinmec International Hospital (ទទួលបានតាំងពីឆ្នាំ ២០១៥) និងមន្ទីរពេទ្យ FV ជាដើមនេះបើតាមការឲ្យដឹងពី Voice of Vietnam។ 

យោងតាមគេហទំព័រ Vietnam Investment Review បានឲ្យដឹងថាវៀតណាមបាននិងកំពុងព្យាយាមអភិវឌ្ឍខ្លួនជាខ្លាំងដើម្បីក្លាយជាមជ្ឍមណ្ឌលទេសចរណ៍សុខភាព ឬតំបន់ទេសចរណ៍វេជ្ជសាស្រ្ត (Medical Tourism Hub)។ គោលដៅដ៏សំខាន់គឺទាក់ទាញអ្នកជំងឺបរទេស និងលំហូរនៃការវិនិយោគបរទេសបន្ថែមលើវិស័យសុខាភិបាលក្នុងប្រទេសរបស់ខ្លួន ធ្វើយ៉ាងណាឲ្យវៀតណាមក្លាយជាប្រទេសដែលឈានមុខគេក្នុងវិស័យវេជ្ជសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំកំពូលមួយស្តីពីការពង្រីកមន្ទីរពេទ្យក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ។ 

Medic, Hospital, Laboratory, Medical, Health, Doctorរូបតំណាង

២) វិស័យសុខាភិបាលវៀតណាមទទួលបានការគាំទ្រច្រើនពីអ្នកជំងឺ
វិស័យសុខាភិបាល និងទេសចរណ៍វេជ្ជសាស្រ្តសព្វថ្ងៃរបស់វៀតណាមកំពុងមានការប្រកួតប្រជែងខ្លាំងជាមួយប្រទេស ៥ ផ្សេងទៀតក្នុងតំបន់ដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន  តែវិស័យសុខាភិបាលក្នុងប្រទេសវៀតណាមនៅតែមានការរីកចម្រើនក្នុងអត្រា ១៨ ទៅ ២០ភាគរយជារៀងរាល់ឆ្នាំ។  ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិចូលទៅប្រទេសវៀតណាមដើម្បីពិនិត្យសុខភាព និងព្យាបាលជំងឺមានជាង ៨០,០០០នាក់ ដែលផ្តល់ចំណូលដល់ជាតិប្រមាណជាង មួយពាន់លានដុល្លារ (១ប៊ីលានដុល្លារ)។ បន្ថែមដោយកត្តាទីតាំងអំណោយផល ប្រទេសវៀតណាមស្ថិតនៅចំណុចកណ្ដាលនៃតំបន់អាស៊ីអាគ្នេយ៍ ផ្តល់ភាពងាយស្រួលដល់ប្រទេសក្នុងតំបន់ (ការធ្វើដំណើរ) កត្តាស្ថិរភាពនយោបាយ ការចំណាយសម្រាប់សេវាថែទាំសុខភាពការហូបចុកគួរទទួលយកបានធៀបនឹងប្រទេសនានា រួមជាមួយភាពជឿជាក់ដល់អ្នកជំងឺលើការទទួលសេវាកម្មសុខភាព ទាំងអស់នេះហើយជាសក្តានុពលដ៏ធំធេងសម្រាប់វិស័យថែទាំសុខភាពរបស់វៀតណាម។ 

Hospital, Equipment, Medicine, Patient, Healthcareរូបតំណាង

៣) ឈរលើគោលការណ៍សុវត្ថិភាពអ្នកជំងឺជាចំបង
និរន្តភាពអាជីវកម្មបានមកពីទំនុកចិត្តរបស់អតិថិជន ដូច្នេះការធ្វើឲ្យអ្នកជំងឺទុកចិត្តលើសេវាកម្មសុខាភិបាលជារឿងសំខាន់ដែលវៀតណាមត្រូវធ្វើ ដោយឈរលើគោលការណ៍សុវត្ថិភាពអ្នកជំងឺជាចំបង។ ការយកចិត្តទុកដាក់ពីសំណាក់គិលានុបដ្ឋាយិកា កត្តាអាទិភាពដែលត្រូវពង្រឹង បុគ្គលិកសុខាភិបាលត្រូវទទួលបានការបបណ្ដុះបណ្ដាលនូវបច្ចេកទេសដើម្បីកែ និងដើរឲ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាពិភពលោក។ ជាងនេះទៅទៀតមន្ទីរពេទ្យក៏បានធ្វើការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយអត្រានៃជំងឺរលាកសួត និងជំងឺប្រព័ន្ធផ្លូវដង្ហើមដែលជំងឺនេះមានតែងផ្តល់ផលប៉ះពាល់ដល់សុខភាពប្រជាជនប្រមាណ ៥០ ភាគរយក្នុងមួយឆ្នាំ។

នៅមិនទាន់អស់ទេ ដើម្បីសម្រេចគោលការណ៍មួយនេះបានដោយជោគជ័យវិធីសាស្រ្តល្អបំផុតសម្រាប់វៀតណាមគឺ កៀរគរវេជ្ជបណ្ឌិតជំនាញល្បីៗពីក្រៅប្រទេសដូចជា សិង្ហបុរី និងម៉ាឡេស៊ីជាដើម ហើយក៏មានការបញ្ជូនវេជ្ជបណ្ឌិតទៅធ្វើការសិក្សាជំនាញបន្ថែមជាប្រចាំនៅបរទេស។  

Surgery, Hospital, Doctor, Care, Clinic, Diseaseរូបតំណាង

ក្រសួងសុខាភិបាលកំពុងដាក់សេចក្តីព្រាងសំណើរលើការផ្តល់សេវាកម្មមន្ទីរពេទ្យប្រណីត (Premium hospital room) ក្នុងមន្ទីរពេទ្យរដ្ឋ (មន្ទីរពេទ្យសាធារណៈ) ដែលអាចមានតម្លៃរហូតទៅដល់ ៤ លានដុង (១៧២ ដុល្លារ)ក្នុងមួយថ្ងៃ។ ក្នុងនោះបន្ទប់មួយមានគ្រែអ្នកជំងឺមួយ គ្រែអ្នកកំដរពីរ និងកន្លែងទូលាយសម្រាប់អ្នកចូលសួរសុខទុក្ខប្រហាក់ប្រហែលនឹងបន្ទប់សណ្ឋាគារ ហើយអាចហៅគិលានុបដ្ឋាយិកាបានគ្រប់ពេល នេះបើតាមប្រសាសន៍លោក Nguyen Nam Lien ប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុវៀតណាម។

លោកវេជ្ជបណ្ឌិត John Lucas នាយកប្រតិបត្តិ City International Hospital បានមានប្រសាសន៍ថា City International Hospital ទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើការវះកាត់ខ្នាតធំក្នុងពេលថ្មីកន្លងមកនេះដែលបានជួយជីវិតអ្នកជំងឺរាប់ពាន់នាក់ ពិសេសអ្នកជំងឺបរទេស (ទេសចរណ៍វេជ្ជសាស្រ្តក្នុងប្រទេសវៀតណាម)។ លោកបានបន្ថែមថា កាលពីឆ្នាំមុន (២០១៨) មន្ទីរពេទ្យទទួលអ្នកជំងឺជាង ១៦,០០០ករណីភាគច្រើនជាជនបរទេស ក្នុងនោះជនជាតិកម្ពុជាប្រមាណជាង ៤,០០០ករណី៕

ដោយ៖ យ៉ាយ៉ា 

 

 

X
5s