ការដកភ្នាក់ងារនាវាចរណ៍កាំសាប ជំរុញកំណើនការដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តព្រះសីហនុ​



ការដឹកជញ្ជូនឆ្លងកាត់ផែស្វយ័តព្រះសីហនុគេរំពឹងថានឹងមានអត្រាកំណើនសរុបប្រមាណជាង ១៨% សម្រាប់ឆ្នាំ ២០១៩ បើគិតជាចំនួន​ទូ​កុង​តឺ​ន័រ​ TEU អាចនឹងកើនឡើងជាង ៦០០,០០០ TEU។

តាមប្រសាសន៍លោកស្រី ជ័យ សុគន្ធា នាយិកាទីផ្សារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា៖ “ក្រោយរាជរដ្ឋាភិបាលសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការរបស់ “ភ្នាក់ងារនាវាចរណ៍កាំសាប” គឺជួយកាត់បន្ថយបែបបទលើការដឹកជញ្ជូន ដែលពេលនេះកំពង់ផែជាអ្នកទទួលការងាររបស់កាំសាប ហើយខាងនាវាដែលចូលមកកំពង់ផែក៏មិនចាំបាច់ស្មុគស្មាញដូចពេលមុនដែរ”។  

លោកស្រីក៏បានបញ្ជាក់ពីប្រភេទទំនិញដែលឆ្លងកាត់កំពង់ផែច្រើនជាងគេមាន ប្រភេទទំនិញសម្រាប់ផ្គង់ផ្គង់ដល់រោងចក្រកាត់ដេរវាយនភណ្ឌ ទំនិញផ្គង់ផ្គង់លើវិស័យសំណង់។ ហើយនៅក្នុងឆ្នាំ ២០១៩ នេះកំពង់ផែស្វយ័តក្រុងព្រះសីហនុព្យាករណ៍ថា សកម្មភាពនៃការដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានការកើនឡើងលើសឆ្នាំ ២០១៨។ លោកស្រីក៏បានបញ្ជាក់បន្ថែមថា ការកើនឡើងនេះក៏ដោយសារចំណុចសំខាន់ ៥ ចំណុចគឺ៖

១) កំណើនសេដ្ឋកិច្ចរបស់កម្ពុជា (GDP Growth)

២) កំណើនតម្រូវការនៃការដឹកជញ្ជូន

៣) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនផលិតភាព

៤) បដិវត្ដន៍ឧស្សាហកម្ម ៤.០

៥) សមាហរណកម្មសកល

ទោះជាយ៉ាងណា កំពង់ផែក្រុងព្រះសីហនុ ក៏កំពុងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការទាក់ទាញនាវាដឹកទំនិញបន្ថែមទៀត ជាក់ស្តែងនៅពេលនេះកំពុងមានការទិញ Quay Crane (QC) ថ្មីមួយ ហើយក្នុងឆ្នាំ ២០២០ ក៏នឹងអាចមានទិញគ្រឿងចក្រមួយចំនួនទៀត។ ដោយឡែក គ្រឿងចក្រប្រើសម្រាប់ប្រតិបត្តិការក្នុងកំពង់ផែដែលខូចខាតតែអាចប្រើបាន គេក៏កំពុងព្យាយាមជួសជុលដើម្បីចៀសវាងការរាំងស្ទះការងារ។ លើសពីនេះ កំពង់ផែក្រុងព្រះសីហនុ ក៏កំពុងពង្រីកឈូសឆាយទីលានដែលមិនបានប្រើប្រាស់ប្រមាណជាង ២ ហិកតា បង្កើនលទ្ធភាពក្នុងការដាក់ទូកុងតឺន័របន្ថែមដើម្បីដោះស្រាយបញ្ហាកកស្ទះការដឹកជញ្ជូនដែលកំពុងមានសព្វថ្ងៃនេះ បើមិនដោះស្រាយបញ្ហានេះចេញទេវានឹងខាតប្រយោជន៍ធំជាមិនខាន។ ដូចគ្នានេះដែរ បើតាមផែនការអភិវឌ្ឍរយៈពេលមធ្យមរបស់កំពង់ផែក្រុងព្រះសីហនុ នៅឆ្នាំ ២០២៤ នឹងសាងសង់ឲ្យរួចរាល់នូវចំណតកំពង់ផែថ្មីដែលមានប្រវែង ៣៥០ម៉ែត្រ និងជំរៅ ១៤.៥ម៉ែត្រ។ 

គួរបញ្ជាក់ថា ការថ្លែងរបស់លោកស្រីធ្វើឡើងក្នុងពិធីវេទិកាក្រុមហ៊ុនចុះបញ្ជីក្រោមប្រធានបទ “វិស័យកំពង់ផែនៅកម្ពុជា ឱកាស និងការប្រកួតប្រជែង” រៀបចំឡើងដោយក្រុមហ៊ុនផ្សារ​មូល​បត្រកម្ពុជានាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩។ កម្មវិធីនេះមានការចូលរួមជាវាគ្មិនពីសំណាក់ លោក Ha Jong Weon អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោកស្រី ហ៊ឺ ផានិន អគ្គនាយករងកំពង់ផែស្វ័យតភ្នំពេញ លោកស្រី ជ័យ សុគន្ធា នាយិកាទីផ្សារនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុនមូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) លោក Iv Ranarith អគ្គនាយក ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី រួមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី  ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត៕ 

ដោយ៖ យ៉ាយ៉ា

 

X
5s