កម្ពុជា​នាំ​ចេញ​ទំនិញ​ជិត​១១ពាន់លានដុល្លារ​នា​រយៈពេល​១០ខែ ក្នុង​ឆ្នាំ​២០១៩​



នា​រយៈ​ពេល​១០ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ មាន​ទឹក​ប្រាក់​ប្រមាណ ១០ ៨១៣លានដុល្លារអាមេរិក បើ​គិត​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ដែល​មាន​ទំហំ​ប្រាក់ ១០ ១៥៨លានដុល្លារអាមេរិក គឺ​បាន​កើន​ឡើង​ប្រមាណ​ ៦៥៤លានដុល្លារអាមេរិក ដែល​ស្មើនឹង​ ៦,៤៥%។ នេះ​បើ​យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២០ របស់​ក្រសួង​ពាណិជ្ជកម្ម។

តាម​របាយការណ៍​ខាង​លើ​បាន​បង្ហាញ​បន្ថែម​ថា ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​ទាំង​នោះ​កម្ពុជា​បាន​នាំ​ចេញ សំលៀកបំពាក់​(Garments) មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៦ ៤០៦លានដុល្លារអាមេរិក, វាយនភ័ណ្ឌ(Textiles) មាន​ទឹក​ប្រាក់​ប្រមាណ ៤០លានដុល្លារអាមេរិក, ស្បែកជើង(Footwear) មាន​ទឹក​ប្រាក់​ប្រមាណ ៩០៥លានដុល្លារអាមេរិក, អង្ករ(Rice)មាន​ទំហំ​ទឹកប្រាក់ ២៨៦លានដុល្លារអមេរិក រួម​និង​ផលិតផល​ផ្សេងៗ​ទៀត​មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជាង ៣ ១៧៤លានដុល្លារអាមេរិក។

បើ​តាម​របាយការណ៍​ប្រចាំ​ឆមាស​ទី​១ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជា​មួយ​អន្តរជាតិ​កំពុង​តែ​មាន​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ ដោយ​ក្នុង​ត្រី​មាស​ទី១​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ក្នុង​តម្លៃ​សរុប ៦,៨ពាន់លានដុល្លារ ក្នុង​នោះ​ចំណែក​​ទីផ្សារ​អាមេរិក​ មាន​ចំនួន​ ២៨ ​ភាគរយ តំបន់​អឺរ៉ុប ២៦,៦ ​ភាគរយ ចក្រភព​អង់គ្លេស ៦,៦ ​ភាគរយ និង​ជប៉ុន ៧,៧ ​ភាគរយ​។ ចំណែក​ការ​នាំចូល​មាន​តម្លៃ​សរុប​រហូត​ដល់​ ១០,៥​ ពាន់​លាន​ដុល្លារ នាំមុខ​ដោយ​ប្រទេស ​ចិន​ ដែល​មាន​ ៤៦ ​ភាគរយ ថៃ​​១៥,៦ ​ភាគរយ វៀតណាម​ ១៣,២ ​ភាគរយ និង​ជប៉ុន ៤,៥ ​ភាគរយ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប (EU28) មាន​ទំហំ​ ១ ០៩២លានដុល្លារ​ ក្នុង​អត្រា​កំណើន​ទាប​ប្រមាណ ១,៤% បាន​កំពុង​បន្ថយ​ចំណែក​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​ពី ៣៧,៨% មក​នៅ ៣៣,៨% ក្នុង​ត្រីមាស​ទី​១ រវាង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s