ចុះបញ្ជីប្រព័ន្ធថ្មីនេះ ការនាំទំនិញទៅទីផ្សារអឺរ៉ុបនឹងទទួលការលើកលែងពន្ធឆ្នាំ២០២០
ឯកឧត្ដម ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) នឹងទទួលបានការលើកលែងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ»។ ការលើកឡើងនេះធ្វើឡើងនៅក្នុង សិក្ខាសាលាស្ដីពី “ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
ប្រព័ន្ធ (Registered Exporter-REX System) នេះនឹងជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជា កាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដម ពេជ ឬទ្ធី បានជម្រាបជូនថា សហភាពអឺរ៉ុបបានតម្រូវឱ្យបណ្ដាអ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារ EU ចាប់ផ្ដើមអនុវត្តប្រព័ន្ធនេះចាប់ពីដើមឆ្នាំ២០២០តទៅ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប(EU)។
បន្ថែមលើនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះឱ្យបានគ្រប់ៗគ្នា ដែលសហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញពីកម្ពុជាចាប់ផ្តើមអនុវត្តប្រព័ន្ធនេះនៅដើមឆ្នាំ២០២០៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម
ដោយ៖ ជួប ស្រីរ័ត្ន