ទុន​វិនិយោគ​វៀតណាម​នៅ​កម្ពុជា​កើន​បាន​ដល់​ជាង​៣ពាន់លានដុល្លារអាមេរិក​



បច្ចុប្បន្ន​ប្រទេស​វៀតណាម​មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ចំនួន ២១៤ម្រោង សរុប​ទំហំ​ទុន​វិនិយោគ​មាន​ចំនួន ៣,៣ពាន់លានដុល្លារអាមេរិក ដែល​ធ្វើ​ឲ្យ​វៀតណាម​ស្ថិត​ក្នុង​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៥ ដែល​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់  លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧប​នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម ក្នុង​ឱកាស​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា-វៀតណាម នៅ​ព្រំដែន​កម្ពុជា-វៀតណាម ខេត្ត​ត្បូងឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ។

ក្នុង​ឱកាស​នោះ​ លោក​ឧប​នាយករដ្ឋមន្ត្រី​វៀតណាម បាន​លើក​ឡើង​បន្ថែ​ថា តាម​ការ​ព្យាករណ៍​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពី​នឹង​កើន​ឡើង​ដល់​ ៥ពាន់លានដុល្លារអាមេរិក​ នៅ​ឆ្នាំ​២០២០ខាង​មុខ​។  ទន្ទឹម​គ្នា​នេះ​ផង​ដែរ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​វៀតណាម​ដែល​មាន​ចំនួន ៤៦០០លាន​ដុល្លារ ជា​ជើង​លេខ​ដែល​កត់​ដោយ​គយ ប៉ុន្តែ​នៅ​មាន​ជើង​លេខ​ច្រើន​ទៀត​ដែល​មិន​បាន​កត់​ត្រា​ដោយ​គយ ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-វៀតណាមគឺ​មាន​ច្រើន​ជាង ៥ពាន់លានដុល្លារ​ បាត់​ទៅ​ហើយ។

តាម​រយៈ​របាយការណ៍​ពី​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹង​ថា កាល​ពី​ចុងឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុន​របស់​វៀតណាម​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ជា​មួយ​នឹង​គម្រោង​វិនិយោគ​សរុប​ប្រមាណ ២០០ គម្រោង ដែល​បាន​ធ្វើឲ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​៥​ប្រទេស​ដែល​មាន​ដើមទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា។

យោង​តាម​គេហទំព័រ Vietnamplus រហូត​មក​ទល់​ពេលនេះ​ការ​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា​មាន ២១៤ គម្រោង​ដែល​ស្មើនឹង​ទុន​វិនិយោគ​ជាង ៣ ពាន់​លាន​ដុល្លារ​ក្នុង​នោះ ១៧៦ ​គម្រោង​កំពុង​មាន​សុពលភាព​ជាមួយ​នឹង​ទុន​វិនិយោគ​សរុប ២,៧៧ ​ពាន់​លាន​ដុល្លារ​។ ចំណែក​ឯ​ការ​វិនិយោគ​របស់​កម្ពុជា​នៅ​វៀតណាម​មាន ២១ ​គម្រោង​ដែលមាន​ទុនវិនិយោគ​សរុប​ជិត ៦៤ ​លាន​ដុល្លារ​ជាប់​លេខ ៥៤ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៣២ ដែល​បាន​បណ្តាក់ទុន​នៅ​វៀតណាម​៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s