ក្រសួងពាណិជ្ជកម្ម បង្ហាញពីសមិទ្ធិផលសំខាន់ៗ ក្រោយទំនាក់ទំនងកម្ពុជា-ចិន
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បង្ហាញពីសមិទ្ធិផលជាច្រើន ដែលកម្ពុជា អាចសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រោយទំនាក់ទំនងកម្ពុជា-ចិន ដែលបានធ្វើអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ សម្រេចបាន ជាង៦,៣០០លានដុល្លា។
ការលើកឡើងនេះ ត្រូវបាន ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងក្នុងពិធីប្រគល់រង្វាន់ ជ័យលាភីក្នុងការប្រកួតប្រជែងតែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលធ្វើ ឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ រៀបចំដោយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម រាជ រ៉ា បញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយកម្ពុជានៅតែអាចរក្សានូវកំណើននាំចេញបានក្នុងរង្វង់១០% ទោះបីទីផ្សារនាំចេញ មានភាពរអាក់រអួលដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយគាំពារ និយមដែលដាក់ចេញដោយប្រទេសមហាអំណាចមួយចំនួនក៏ដោយ។ វិស័យពាណិជ្ជកម្ម នៅតែជាកម្លាំងចលករ និងជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោម កត្តាផ្សេងទៀត ក្នុងការជួយឲ្យកម្ពុជាយើងអាចរក្សាបាននូវស្ថិរភាពនៃកំណើន សេដ្ឋកិច្ចជាតិក្នុងរង្វង់គិតជាមធ្យមប្រមាណ ៧%ក្នុងមួយឆ្នាំ ។
ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មច្បាស់លាស់ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបន្តធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី គឺជាកិច្ចការចាំបាច់បំផុតសម្រាប់ការដោះដូរពាណិជ្ជកម្ម។
ឯកឧត្តម បន្តទៀតថា តាមរយៈទំនាក់ទំនងរវាងចិន និងកម្ពុជាយើងសម្រេចបាននូវសមិទ្ធិផលជាច្រើនដូចខាងក្រោម៖
-នៅក្នុងឆ្នាំ២០១៨ ទំហំវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់រហូតដល់ទៅ ៦ពាន់លានដុល្លា។
-ទំហំពាណិជ្ជកម្មកម្ពុជា ចិន នៅឆ្នាំ២០១៨ មានចំនួនជាង ៧ពាន់លានដុល្លា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបាន ជាង៦,៣០០លានដុល្លា
-ហើយនៅឆ្នាំ២០១៩ នេះរដ្ឋាភិបាលចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោន
-មានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រជារបស់ក្រុមហ៊ុនចិន ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់។
គិតត្រឹមឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ០៤ នៅសាធារណរដ្ឋប្រជាមានិតចិន ដូចខាងក្រោម៖
១.មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ
២.មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហាយនីង
៣.មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងស៊ីអាន
៤. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហុងកុង
មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងអស់នោះជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយរកទីផ្សារសម្រាប់ផលិតផលសក្តានុពលកម្ពុជា ដូចជា អង្ករ ម្រេច ស្ករត្នោត អំបិល កាហ្វេ ទឹកផ្លែឈើ ស្រាបៀរ គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ក្រមា វត្ថុអនុស្សាវរីយ៍ និងសៀវភៅផ្សព្វផ្សាយអំពីវិនិយោគ និងទេសចរណ៍។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបើកច្រកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញ និងសេវារបស់កម្ពុជា ដែលនេះជាគោលដៅយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ការពង្រីកបាននូវទីផ្សារនាំចេញដែលមានលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ពីការពឹងផ្អែកតែទៅ លើភាពអនុគ្រោះពន្ធដែលមានលក្ខណៈបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ វានឹងជួយឲ្យ រដ្ឋាភិបាលអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ និងទទួលបានឋានៈជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
នៅក្នុងពិធីនោះ ឯកឧត្តម បានស្នើសុំឲ្យភាគីចិន តាមរយៈ លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖
-ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវវគ្គបណ្តុះបណ្តាល និងអាហាររូបករណ៍បន្ថែមទៀតដល់ និស្សិត និងមន្រ្តីរាជការដែលជាយុវជនរបស់ក្រសួងពាណិជ្ជកម្មផ្តោតទៅលើប្រធានបទដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មដូចជា៖ E-Commerce, E-Government, Digital Economy, International Trade, Commercial Data Collections ។ល។
-សុំជួយជំរុញអ្នកវិនិយោគចិនឲ្យបានកាន់តែច្រើនបន្ថែមទៀតមកធ្វើការបណ្តាក់ទុននៅកម្ពុជា
-ស្នើភាគីចិនជួយជំរុញដំណើរការនៃកិច្ចចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន ឲ្យបានឆាប់
-បន្ថែមលើមុខទំនិញអង្ករ ស្នើឲ្យភាគីចិន ជួយទិញផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតដូចជា ផ្លែចេក ស្វាយ ដំឡូងមី មៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច និងដូង៕
ដោយ៖ ស្រីពេជ្រ