កម្ពុជា​នឹង​ក្លាយ​ជា​សួនច្បារ​ផ្កា​ស​ទាក់​ទាញ​ទេសចរណ៍ បើ​ជោគជ័យ​លើ​ដំណាំ​កប្បាស​



ក្នុង​ជំនួប​ជា​មួយ​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លើ​គម្រោង​វិនិយោគ​​ដំណាំ​កប្បាស​លើ​ផ្ទៃ​ដី​ប្រមាណ​១០ម៉ឺនហិកតា​នា​ខេត្ត​កំពង់ស្ពឺ ឯកឧត្ដម  តឹក ង៉ូយ ប្រធាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមហ៊ុន​ចិន បាន​លើក​ឡើង​ថា ក្រុមហ៊ុន ចិន ជ្រើស​រើស​យក​ប្រទេស​កម្ពុជា​ ដាំដុះ​ដំណាំ​កប្បាស​នេះ គឺ​សម្រាប់​ជា​គំរូ​លើ​វិស័យ​កសិកម្ម ដែល​នឹង​នាំ​ចំណូល​ជា​ច្រើន​ដល់​ប្រជាកសិករ។

ឯកឧត្ដម​បញ្ជាក់​ថា ប្រសិន​បើ​កម្ពុជា អាច​ដំណើរ​ការ​ដាំ​កប្បាស​បាន​នៅ​ទូទាំង​២៥ ខេត្ត ក្រុង កម្ពុជា​នឹង​ក្លាយ​ជា​ឋានសួគ៌ សួនច្បារ ផ្កាស ក្បុស ដែល​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មើល​កម្សាន្ត​បាន​យ៉ាង​ច្រើន។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន។

ឯកឧត្ដម តឹក ង៉ូយ ដែល​គេ​ស្គាល់​ថា​ជា​ស្តេច​នំ​ដូណាត់​នៅ​សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ក្រុមហ៊ុន​កប្បាស​របស់​ប្រទេស​ចិន​បាន​លើក​ឡើង​ថា នៅ​ពេល​ការ​ដាំដុះ ដំណាំ​កប្បាស​នេះ​បាន​ច្រើន​កន្លែង ដែល​វា​នឹង​ចេញ​ផ្កា​ពណ៌ស ក្បុស យ៉ាង​ស្រស់​ស្អាត​ គឺ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស បាន​មក​មើល​កម្សាន្ត បាន​កាន់​តែ​ច្រើន ដូចជា​នៅ​ប្រទេស​ជប៉ុន​ ពេល​ដែល​មាន​ផ្កា​សាគួរ៉ា នៅ​ពេល​ចេញ​ផ្កា​គឺ​មាន​ភ្ញៀវ​ទេសចរ ចូល​ទស្សនា​រាប់​លាន​នាក់។ 

Cotton, Cotton Field, White, Farming, Agriculture, Crop

លោក Li Zheng ប្រធាន​វិទ្យាស្ថាន​ដំណាំ កសិកម្ម​ទូទាំង​ប្រទេស​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​ឱ្យ​ដឹង​ថា ដំណាំ​កប្បាស​នេះ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ការ​ដំណាំ​ស្រូវ ព្រម​ទាំង​មាន​ភាព​ងាយ​ស្រួល​ដាំ​ ជាង​ដំណាំ​ស្រូវ​ថែម​ទៀត​ផង ដែល​វា​អាច​រក​ចំណូល​បាន​ខ្ពស់ សម្រាប់​កសិករ ដែល​ដាំ​កប្បាស។ លោក​បាន​បន្ដ​ថា សម្រាប់​គម្រោង​កិច្ច​ការ​ងារ​ដំា​កប្បាស​នេះ នឹង​អាច​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​ បន្ទាប់​ពី​ក្រុមហ៊ុន​ធ្វើ​ការ​ចុះ​អនុស្សរណៈ ជា​មួយ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ  នៅ​ពេល​ខាង​មុខ​នេះ។ 

គូស​បញ្ជាក់​ថា នេះ​ជា​លើក​ទី២​ហើយ​ដែល វិទ្យាស្ថាន​ដំណាំ​កសិកម្ម​ទូទាំង​ប្រទេសចិន  ដែល​មាន​ទីតាំង​នៅ​ទីក្រុង Beijing រួម​ជា​មួយ​ក្រុមហ៊ុន វិនិយោគ​របស់​រដ្ឋ​ចិន បាន​មក​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​ធ្វើ​ការ​ដាំដុះ​ដំណាំ​កប្បាស​នៅក្នុង​ប្រទេសកម្ពុជា ដោយ​ជំហាន​ដំបូង​នៃ​ដំណាំ​នេះ​គឺ​ស្ថិត​នៅ​ខេត្ត​កំពង់​ស្ពឺ ហើយ​បើ​ជោគជ័យ​នឹង​បន្ត​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s