​គាំទ្រ​កសិផល​ខ្មែរ! ត្រសក់​ផ្អែម​រាប់​សិប​តោន​លក់​ក្នុង​តម្លៃ​ពិសេស​ទ្រង់ទ្រាយ​ធំ​នៅ​សៀមរាប​



ដោយ​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នូវ​ទីផ្សារ​ត្រសក់​ផ្អែម​យ៉ាង​គំហុក រហូត​ដល់​៩០ភាគរយ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី សម្រេច​រៀប​ចំ​ឲ្យ​មាន​ការ​ដាក់​លក់​កសិផល​ត្រសក់​ផ្អែម​ទ្រង់ទ្រាយ​ធំ​មួយ សម្រាប់​សហគមន៍​អ្នក​ដាំ​ត្រសក់​ផ្អែម​បន្ទាយ​ស្រី នា​ទឹក​ដី​ ក្រុង​សៀមរាប ខេត្ត​សៀមរាប រយៈ​ពេល​មួយ​សប្ដាហ៍​ពេញ នា​ថ្ងៃ​ទី២០ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​នេះ។

បង្ហោះ​នៅ​ក្នុង​ ហ្វេសប៊ុកផេក ផ្ទាល់​ខ្លួន លោក​អភិបាល​ស្រុក​បន្ទាយ​ស្រី ឃឹម ហ្វីណង់ រៀបរាប់​ថា ជា​ធម្មតា​ទីផ្សារ​ត្រសក់​ផ្អែម​នេះ ត្រូវ​បាន​លក់​ចេញ​ទៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប​ និង​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​សៀមរាប។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​តម្រូវ​ការ​ត្រសក់​ផ្អែម​ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​ដល់​ទៅ​៩០ភាគរយ ដែល​មិន​អាច​ឱ្យ​អ្នក​ដាំ​លក់​ចេញ​បាន​ ទោះបី​ជា​លក់​ក្នុង​តម្លៃ​ថោក​យ៉ាង​ណា​ក៏​ដោយ។ សប្តាហ៍​នេះ​គឺ​ជា​សប្តាហ៍​ប្រមូល​ផល​ហើយ​ ប្រសិន​បើ​នៅ​តែ​បន្ត​លក់​មិន​ចេញ​ក្នុង​រយៈពេល​២សប្តាហ៍​ទៀត ត្រសក់​ផ្អែម​រាប់​សិប​តោន​នេះ​នឹង​ត្រូវ​បោះចោល​ទាំង​ស្រុង។

នៅ​កម្មវិធី​ដាក់​លក់​ត្រសក់​ទ្រង់ទ្រាយ​ធំ​នេះ ត្រសក់​ផ្អែម​និង​លក់​ជូន​ក្នុង​តម្លៃ​ពិសេស គឺ​ក្នុង​ ១គីឡូក្រាម តម្លៃ​ត្រឹម​តែ​ ១ដុល្លារអាមេរិក ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​ទិញ ១០គីឡូក្រាម និង​ថែម​ជូន ១គីឡូក្រាម ទៀត​ដោយ​ឥត​គិត​ថ្លៃ។

លោក​អភិបាល​ស្រុក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់គ្នា ជា​ពិសេស​ អ្នក​ខេត្ត​សៀមរាប ចូល​រួម​កម្មវិធី​នេះ​នៅ​ផ្សារ​ហេរីថេក ឱ្យ​បាន​ច្រើន​កុះករ​ ដើម្បី​ជួយ​ទិញ​ត្រសក់​ផ្អែម​របស់​ពួកគាត់​ក្នុង​តម្លៃ​ពិសេស ដើម្បី​ជួយ​ស្រោច​ស្រង់​ និង​លើក​ទឹកចិត្ត​ដល់​សហគមន៍​អ្នក​ដាំ​ត្រសក់​ផ្អែម​បន្ទាយ​ស្រីមួយ​នេះ។ លោក​បាន​បញ្ជាក់​ថា តម្លៃ​នេះ​ថោក​ជាង​តម្លៃ​ទីផ្សារ​ប្រហែល​ពាក់​កណ្តាល​ បាន​ត្រឹម​តែ​អាច​ឱ្យ​ពួក​គាត់​ទទួល​បាន​ថវិកា​ខ្លះ យក​ទៅ​ដាំ​បន្ត​ទៀត​តែ​ប៉ុណ្ណោះ ៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s