ដំណឹងល្អ! រថភ្លើងលើអាកាសដំបូងគេនៅកម្ពុជាបញ្ចប់ការសិក្សាជាស្ថាពរ
ពិតជាដំណឹងល្អ គម្រោងរថភ្លើងលើអាកាសដំបូងបំផុតនៅកម្ពុជា ត្រូវបាន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា បានបញ្ចប់ការសិក្សារួចរាល់ជាស្ថាពរហើយ។ ការលើកឡើងខាងលើរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា រថភ្លើងលើអាកាសនេះ មិនមែនត្រឹមតែជាជម្រើសថ្មីសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទេ ប៉ុន្តែថែមទាំងជាជម្រើសដ៏ល្អមួយនាពេលអនាគត ព្រោះវាអាចជួយសម្រួលដល់ការដឹកជញ្ជូន និងការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ ឯកឧត្ដមសង្កត់ធ្ងន់ថា ថវិកាសម្រាប់ការសាងសង់នេះគឺមិនតិចជាង ១ពាន់លាន ទៅ១ពាន់៤រយលានដុល្លារនោះទេ។
ឯកឧត្តម បានបន្តថា ក្រសួងបានសហការជាមួយអង្គការ JICA ក្នុងការសិក្សាអំពីគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស នៅក្នុងរាជធានីភ្នំពេញនេះ ដោយត្រូវបានបញ្ចប់ជាស្ថាពរ ប៉ុន្តែគម្រោងនេះ ជាគម្រោងដែលត្រូវការវិនិយោគដោយថវិកាច្រើន ហេតុនេះក្រសួងមិនទាន់ច្បាស់ថា រដ្ឋាភិបាលនឹងវិនិយោគ ឬប្រគល់ជូនក្រុមហ៊ុនឯកជនក្នុងការវិនិយោគ តាមលក្ខណៈបង់ប្រាក់ (BOT) ឬយ៉ាងណានោះទេ ។
សូមបញ្ជាក់ថា រថភ្លើងលើអាកាសគម្រោងដំបូងបង្អស់របស់កម្ពុជា ហើយតាមរយៈគម្រោងនេះដែរ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការកកស្ទះចរាចរណ៍នៅក្នុងក្រុង ហើយអ្វីដែលកាន់តែពិសេសនោះគឺ មិនត្រឹមតែចូលរួមលើកសោភ័ណភាព ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺអាចទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិបានទៀតផង៕
ដោយ៖ ជួប ស្រីរ័ត្ន