Moody ព្យាករណ៍ថា GDP កម្ពុជានឹងថយមកត្រឹម ៥,៥% តើនៅតែល្អឬយ៉ាងណា?
កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ កន្លងទៅ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិ Moody (Moody's Investors Service Inc ) បានដាក់ការព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) ក្នុងឆ្នាំ២០២០នេះ អាចនឹងថមថយមកនៅត្រឹមកម្រិត ៥,៥% នោះក៏ដោយសារតែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និងការផ្ទុះឡើងនូវជំងឺកូរ៉ូណាប្រភេទថ្មី (COVID-19)។
Moody បានលើកឡើងថា ដោយមានការព្យួរផ្នែកខ្លះពី EBA ជាហេតុនាំឲ្យមានការប្រទាំងប្រទិសគ្នារវាងកំណើនប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅកម្ពុជា ដែលជំរុញឲ្យមានការប្រកួតប្រជែង ហើយវាកអាចក្លាយជារនាំងដែលធ្វើឲ្យបាត់បង់ភាពទាក់ទាញពីវិនិយោគិនបរទេស (FDI) ផងដែរ។ លំហូរនៃវិនិយោគិនបរទេសគឺជាចរន្តដ៏សំខាន់បំផុត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា។
ជាមួយគ្នានេះដែរ អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ បានលើកឡើងថា ការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ ថានឹងថមថយមកត្រឹមកម្រិត ៥,៥ភាគរយ ហាក់ដូចជាសមហេតុផល ព្រោះកំណើនសេដ្ឋកិច្ចកន្លងមកមានចំនួន ៧ភាគរយ ដែលមានន័យថាថយចុះ ១,៥ភាគរយ។ ១,៥ភាគរយ នៃ ២៨ពាន់លាន នោះគឺស្មើនឹងជាង ៤០០លាន ដូច្នេះការព្យាករណ៍នេះគឺសមហេតុផល។
ប៉ុន្តែទៅថ្ងៃមុខទៀតយើងនៅតែមិនទាន់អាចទស្សន៍ទាយបានទេថា សេដ្ឋកិច្ចកម្ពុជានិងកើនឬថយចុះបន្ត ព្រោះប្រសិនបើស្ថានភាពនៃជំងឺកូរ៉ូណាថ្មី (COVID-19) កាន់តែអាក្រក់នឹងកាន់តែរីករាលដាល នោះនឹងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចជាច្រើនត្រូវបានផ្អាក ជាក់ស្ដែងបច្ចុប្បន្ននៅតាមបណ្ដាផ្សារទំនើបនានា យើងសង្កេតឃើញថាហាក់មានសភាពស្ងប់ស្ងាត់។ អ្នកជំនាញបានបន្ថែម។
លោក ង៉ែត ជូ បញ្ជាក់បន្ថែមថា បើយើងធ្វើការប្រៀបធៀបសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសរីកចម្រើនហើយ កំណើន ៥,៥ភាគរយ គឺនៅតែជាកំណើនមួយដែលល្អ ព្រោះប្រទេសដែលមានការរីកចម្រើនហើយ អត្រានៃកំណើនសេដ្ឋកិច្ចរបស់ពួកគេគឺទាបណាស់ ដោយប្រទេសខ្លះមានកំណើនត្រឹមតែ ៣ភាគរយ ៤ភាគរយ និង៥ភាគរយប៉ុណ្ណោះ៕
ដោយ៖ ជួប ស្រីរ័ត្ន