នាយករដ្ឋមន្ត្រី៖ ដំណក់​ប្រេង​ដំបូង និង​រ៉ែ​មួយ​ចំនួន​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២០​នេះ​



អញ្ជើញ​ថ្លែង​សារ​ពិសេស​មួយ​ជូន​ជនជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថាន​ភាព​ថ្មីៗ​ចុង​ក្រោយ​នា​ វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​បង្ហើប​ពី​ដំណើរ​ការ​នៃ​ដំណក់​ប្រេង​ដំបូង​ រួម​ជា​មួយ​នឹង​រ៉ែ​មួយ​ចំនួន​របស់​កម្ពុជា​ ថានឹង​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ។

សម្ដេច​នាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​លើក​ឡើង​ថា កម្ពុជា​នឹង​ពន្លឿន​ការ​ផលិត​ប្រេង នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ហើយ​រ៉ែ​មួយ​ចំនួន​ដែល​កម្ពុជា​មិន​ទាន់​បាន​ប្រើ ក៏​និង​អាច​យក​មក​ប្រើ​ប្រាស់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ផង​ដែរ។ រ៉ែ​មួយ​ចំនួន​ដូច​ជា រ៉ែ​មាស រហូត​ដល់​រ៉ែ​ធ្យូងថ្ម​ជា​ដើម ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺ​និង​ត្រូវ​ឲ្យ​ផលិត​អគ្គិសនី​នៅ​នឹង​កន្លែង​ធ្យូងថ្ម ដែល​មាន​ស្រាប់​នោះ​តែ​ម្ដង។ 

សម្ដេច​បញ្ជាក់​បន្ត​ថា កម្ពុជា​មាន​ចំណូល​សារពើ​ពន្ធ ពី​ពន្ធដារ​ និង​ពន្ធ​គយ​ ដែល​ជា​មធ្យម​ទទួល​បាន​ចំណូល​ប្រមាណ​ ៥០០លានដុល្លារ ក្នុង​មួយ​ខែ។ គិត​ត្រឹម​តែ​ចំណូល​សារពើ​ពន្ធ​ប្រមាណ​ ៥០០លានដុល្លារ ក្នុង​មួយ​ខែ​នេះ​ កម្ពុជា​អាច​យក​ទៅ​គ្រប់គ្រង​ទៅ​លើ​ការ​ចំណាយ​ចរន្ត​បាន ដោយ​នេះ​មិន​ទាន់​បាន​ប្រកាស​ប្រាប់ ពី​ពេលវេលា​ច្បាស់​លាស់​នៃ​ដំណើរ​ការ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ផង។

ឯកឧត្ដម​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ ធ្លាប់​បាន​លើក​ឡើង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​អង្គ​ព្រឹទ្ធសភា កាល​ពី​ពេល​កន្លង​ទៅ​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​តំបន់​ដែល​អាច​រុករក​ចំនួន​៣​កន្លែង គឺ​តំបន់​សមុទ្រ តំបន់​ដីគោក និង​តំបន់​ត្រួតស៊ីគ្នា​រវាង​ព្រំដែន​សមុទ្រ​កម្ពុជា – ថៃ ។ ឯកឧត្ដម​បញ្ជាក់​ថា ផ្អែក​ទាំងស្រុង​លើ​លក្ខខណ្ឌ​ភូគព្ភសាស្ត្រ​ទាំង​ដែន​គោក និង​ដែន​ដែនសមុទ្រ មក​ដល់​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ប្លុក​ប្រេងកាត​ចំនួន​២៥ ក្នុង​នោះ​ដែនសមុទ្រ​៦​ប្លុក ដែន​គោក​១៩​ប្លុក និង​៤​តំបន់​នៅ​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ ៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s