ប៉ះពាល់​ណាស់! កម្ពុជា​ថយ​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​៦០%​ដោយ​សារ​កូរ៉ូណា​



តាម​​ប្រសាសន៍​ពី​សម្ដេច​ តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ នៅ​ក្នុង​ឱកាស​ថ្លែង​សារ​ពិសេស​មួយ​ជូន​ជន​ជាតិ​ខ្មែរ​ទាំង​អស់ ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ចុង​ក្រោយ​ សម្តេច​តេជោ បាន​ថ្លែង​ថា ជំងឺ Covid-19 បាន​ប៉ះពាល់​ដល់​ផ្នែក​សំខាន់ៗ​របស់​កម្ពុជា​ ក្នុង​នោះ​វិស័យ​ចំនួន​​ ២ ​ប៉ះពាល់​ធ្ងន់​ជាង​គេ គឺ​ទី១ វិស័យ​ទេសចរណ៍ និង​ទី២ វិស័យ​កាត់ដេរ ដោយ​សារ​ខ្វះ​វត្ថុធាតុ​ដើម។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ សម្ដេចតេជោ​​នាយករដ្ឋមន្ត្រី​ មាន​ប្រសាសន៍​លើក​ឡើង​ថា ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​កាន់​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ប្រមាណ​ ៦០ភាគរយ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​បាន​ធ្លាក់​ចុះ​រហូត​ដល់​ ៩០ភាគរយ ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ថ្មី ( Covid-19)។ សម្ដេច​បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរ​ ដោយ​លើក​លែង​ពន្ធ​លើ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ រយៈពេល៤ខែ គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​ជា​អ្នក​បង់​ពន្ធ​ជំនួស​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទាំង​នោះ។

យោងតាម​គ្រឹះស្ថានអង្គរ ក្នុងរយៈពេល ១ខែ ដើមឆ្នាំ២០២០នេះ​ ចំនួន​​ភ្ញៀវ​ទេសចរបរទេសដែល​បានទិញសំបុត្រចូល​ទស្សនា​តំបន់​អង្គរមានចំនួន ២៣៤,៩៣៧នាក់ ពោល​គឺ​មានការ​​ថយ​ចុះ​ជាង ២៦ភាគ​រយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ ខែមករា​ឆ្នាំ២០១៩ ដែលមានភ្ញៀវ​បរទេសចំនួន ២៧១,០៥០នាក់៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s