គម្រោងវិនិយោគធំៗ ៣ នៅក្នុងក្រុងភ្នំពេញ គ្រោងនឹងចាយទុនជាង៦០០លានដុល្លារ
តាមសំណើពីក្រុមហ៊ុនធំ៣ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចគាំទ្រលើការសាងសង់ គម្រោងរោងចក្រ មន្ទីពេទ្យអន្តរជាតិ និងផ្សារទំនើប ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ គម្រោងទាំង៣ខាងលើ គ្រោងនឹងចំណាយដើមទុនចំនួន ៦០០,៧ លានដុល្លារអាមេរិក ព្រមទាំងអាចបង្កើតការងារចំនួន ២,៦៩៩ កន្លែង។
- “ROYAL CAMBODIAN HOSPITAL CO., LTD” គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។
- “ CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។
- “V & J K DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅ ផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន