ស្អែកនេះ ផ្លូវជាតិលេខ៥៨ប្រវែងជិត២០០គីឡូម៉ែត្រ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវជាតិលេខ៥៨ ប្រវែង ១៧៥គីឡូម៉ែត្រ ដែលតភ្ជាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ ផ្លូវជាតិលេខ៦៨ មានស្ថិតនៅ ឃុំផុង ខេត្តឧត្ដរមានជ័យ នឹងបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
តាមប្រសាសន៍ពី ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា ផ្លូវជាតិលេខ៥៨ គឺជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) ដោយនៅថ្ងៃខាងមុខ នឹងពង្រឹងគុណភាពផ្លូវនេះ ឲ្យទៅជាផ្លូវកៅស៊ូ AC ដើម្បីជំរុញឲ្យផ្លូវនៅកម្ពុជាកាន់តែមានគុណភាព និងប្រសិទ្ធភាព កាន់តែខ្ពស់។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ផ្លូវចាក់កៅស៊ូ AC កម្រាស់ណាក៏ដោយ ប្រសិនបើនៅតែមានឡានដឹកទំនិញលើសកម្រិត នោះនិងធ្វើឲ្យផ្លូវរបស់យើង នៅតែមានការខូចខាតលឿន។ ឯកឧត្ដមក៏បានអំពាវនាវដល់ក្រុមហ៊ុន ទាំងក្រុមហ៊ុនរថយន្តដឹកជញ្ជូន និងអ្នកដែលមានឡានដឹកទំនិញផ្ទាល់ខ្លួន ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីចូលរួមថែរក្សាសមិទ្ធផលរបស់ជាតិយើង។
បញ្ជាក់ក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានស្ទឹងបត់ និងផ្លូវជាតិលេខ៥៨ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដមរដ្ឋមន្រ្តីបានលើកឡើងថា ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន សំណងសៀងហៃ ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ៖ ជួប ស្រីរ័ត្ន