ស្ពាន​វែង​បំផុត​នៅ​កម្ពុជា គ្រោង​ប្រើ​ថវិកា​២០០លានដុល្លារ​សាង​សង់​ក្នុង​ឆ្នាំ​នេះ​



ស្ពាន​កាត់​ទន្លេ​វែង​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​ឆ្លង​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​កាន់​ខេត្ត​កំពង់ធំ មាន​ប្រវែង​សរុប​ប្រមាណ​ជិត​ ៤គីឡូម៉ែត្រ ត្រូវ​បាន​សិក្សា​គម្រោង​ចប់​សព្វគ្រប់​រួច​រាល់ ដោយ​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ផែនការ​អទិភាព និង​ជា​ជម្រើស​ទី១ របស់​ក្រសួង​សម្រាប់​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០២០នេះ។ 

ថ្លែង​ប្រាប់​សារព័ត៌មាន propertyarea.asia កាល​ពី​ពេល​កន្លង​ទៅ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ស្ពាន​ដែល​មាន​ប្រវែង​ប្រមាណ ៤គីឡូម៉ែត្រ​នេះ ត្រូវ​បាន​សិក្សា​ចប់​សព្វ​គ្រប់​ ជា​មួយ​គ្នា​នេះ​ក្រសួង​ក៏​បាន​ចេញ​លិខិត​បញ្ជាក់​ដោយ​គ្មាន​ប៉ះពាល់​អ្វី​ទាំង​អស់​ក្នុង​ការ​សាងសង់​ស្ពាន​នេះ។

ឯកឧត្ដម​រដ្ឋមន្ត្រី សង្ឃឹម​ថា ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នឹង​ទម្លាក់​ថវិកា​សម្រាប់​ការ​សាងសង់​ ស្ពាន​ដែល​វែង​ជាង​គេ​បំផុត​នៅ​កម្ពុជា​នេះ មក​ឲ្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។ ថវិកា​ដែល​ត្រូវ​ត្រៀម​សម្រាប់​ចំណាយ​លើ​ការ​សាងសង់​នេះ​មាន​ទំហំ​ប្រមាណ ២០០លានដុល្លារអាមេរិក។ 

ស្ពាន​ឆ្លង​ពី​ខេត្ត​កំពង់​ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ​នេះ និង​ក្លាយ​ទៅ​ជា​ស្ពាន​ប្រវត្តិសាស្ត្រ​មួយ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​កម្ពុជា នឹង​ផ្ដល់​ផល​ចំណេញ​រាប់រយ​គីឡូម៉ែត្រ​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រជាពលរដ្ឋ ជាង​នេះ​ទៅ​ទៀត​ស្ពាន​នេះ​ក៏​នឹង​ក្លាយ​ជា​ផ្លូវ​មួយ​ដែល​សំខាន់​ក្នុង​ការ​ដឹក​កសិផល​របស់​ប្រជា​ពលរដ្ឋ ជា​ពិសេស​ប្រជាកសិករ​ពី​ខេត្ត​កំពង់​ធំ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s