វឌ្ឍនភាពថ្មីក្នុងវិស័យមូលបត្រ បង្ហាញសញ្ញាវិជ្ជមានដល់វិស័យហិរញ្ញវត្ថុកម្ពុជា
នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៥៩។
បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារ ដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក. ហើយអង្គប្រជុំបានសម្រេចដូចខាងក្រោម៖
- របៀបវារៈទី ១៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
- របៀបវារៈទី ២៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់ (១) ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក., (២) អនុម័តទទួលស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ជានីតិបុគ្គលប្រតិស្រុត និងអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ, និង (៣) ផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក។
- របៀបវារៈទី ៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្ររបស់ (១) ក្រុមហ៊ុន ហ្វេដឺរ៉ល ឃែភីថល អ៊ិនវេសម៉ិន ឯ.ក (Federal Capital Investment Co., Ltd) ដើម្បីប្រកបអាជីវកម្មជាក្រុមហ៊ុនធានាទិញមូលបត្រ និង (២) ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ឯ.ក (PP Link Securities Co., Ltd.) ដើម្បីប្រកបអាជីវកម្មទីប្រឹក្សាហិរញ្ញវត្ថុ។
- របៀបវារៈទី ៤៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំអាជ្ញាបណ្ណក្រុមហ៊ុនថែ-រក្សាទ្រព្យសម្បត្តិជំនួសរបស់ (១) ក្រុមហ៊ុន ហ្រ្គេន កាថេ អ៊ិនវេសម៉ិន ត្រាស (ខេមបូឌា) ភីអិលស៊ី (Grand Cathay Investment Trust (Cambodia) Plc.), (២) ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក (Zillion Trust Plc.) និង (៣) ក្រុមហ៊ុន វីវីត អាសិត មេនេតមេន ឯ.ក (Vivid Asset Management Co., Ltd.)។
- របៀបវារៈទី ៥៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ (១) ក្រុមហ៊ុន អេជី ហ្វាន់ មេនេចម៉ិន ម.ក (Aegies Fund Management Plc.) និង(២) ក្រុមហ៊ុន ភីអិលអិមភី វេនឈ័រ ឃែភីថល ឯ.ក (PLMP Venture Capital Co., Ltd)។
អង្គប្រជុំបានបញ្ចប់នៅម៉ោង ១៧ :០០ នាទីល្ងាចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។