កម្មករ១៦ម៉ឺននាក់អាចនឹងបាត់បង់ការងារ ខណៈរោងចក្រប្រមាណជាង២០០ប្រឈមនឹងការបិតទ្វារ
រោងចក្រ និង សហគ្រាស នៅកម្ពុជាប្រមាណ២០០ អាចប្រឈមនឹងការបិតទ្វារ ដោយសារផលប៉ះពាល់នៃការខ្វះខាតវត្ថុធាតុដើមពីប្រទេសចិន ក្នុងដំណើរការសង្វាក់ផលិតកម្ម ដែលបញ្ហាទាំងនេះអាចនឹងជំរុញឲ្យកម្មករកម្មាការនីប្រមាណ ១៦ម៉ឺននាក់ ប្រឈមនឹងបញ្ហាបាត់បង់ការងារធ្វើផងដែរ។ នេះបើតាមការលើកឡើងពី ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការផ្អាកសង្វាក់ផលិតកម្មនៅប្រទេសចិនដោយសារតែវីរុស COVID-19 នេះពិតជាបានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅក្នុងពិភពលោកទាំងមូលតែម្ដង។ សូម្បីតែប្រទេសជប៉ុន កូរ៉េ ក៏បានផ្អាកនូវសង្វាក់ផលិតរបស់ខ្លួនមួយចំនួនផងដែរ ដោយសារតែបញ្ហាខ្វះវត្ថុធាតុដើម និងផលិតផលពាក់កណ្ដាលសម្រេចដែលតែងតែទទួលយកពីប្រទេសចិន។
ឯកឧត្ដមបានថ្លែងបន្ថែមថា ក្នុងស្ថានភាពជាក់ស្តែងទាក់ទងនិងបញ្ហាវត្ថុធាតុដើមនេះ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ រោងចក្រចំនួន១០បានចាប់ផ្តើមស្នើសុំព្យូរការងារចំពោះកម្មករនិយោជិក។ ប៉ុន្តែការព្យួរនេះមិនមែនជាការព្យួរ ១០០ភាគរយនោះទេ គឺព្យួរដោយផ្នែកនៃសង្វាក់ផលិតកម្មតែប៉ុណ្ណោះ។ ប្រឈមមុខនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការទំនាក់ទំនងយ៉ាងជិតសិទ្ធិជាមួយរដ្ឋាភិបាលចិន ដើម្បីផ្ដល់អាទិភាពផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិនមកកម្ពុជា ដោយធ្វើយ៉ាងណាឱ្យការខ្វះខាតវត្ថុធាតុដើមនេះមកនៅរយៈពេលខ្លី។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យផ្តល់ជូនការលើកលែងពន្ធ អាចពី៦ខែ ទៅ១ឆ្នាំ សម្រាប់រោងចក្រសហគ្រាសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតធ្ងន់ធ្ងរនៃការប៉ះពាល់ជាក់ស្តែងលើ រោងចក្រនីមួយៗដែលបណ្តាលមកពីកង្វះវត្ថុធាតុដើមផលិត៕
ដោយ៖ ជួប ស្រីរ័ត្ន