ប្រទេសឧស្សាហកម្មយក្សទាំង ១០ នៅលើលោក ចិនលេខ១
ខណៈពេលដែលការផ្ទុះឡើងនៃវីរុសកូរ៉ូណានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសចិន ផល ប៉ះពាល់នេះនឹងមិនបញ្ឈប់ត្រឹមតែប្រទេសនេះមួយប៉ុណ្ណោះនោះទេ។ ចិនគឺជាប្រទេសឧស្សាហកម្មដ៏ ធំមួយក្នុងពិភពលោក។ ការបិទរោងចក្រក្នុងប្រទេសនេះ បានបណ្តាលឲ្យឧស្សាហកម្មជាច្រើនក្នុងពិភពលោក ជួបបញ្ហារាំងស្ទះវត្ថុធាតុដើម។
តាមរបាយការណ៍ដែលផ្សាយដោយ នាយកដ្ឋានស្ថិតិរបស់អង្គការសហប្រជាជាតិ (United Nations Statistics Division) បង្ហាញថា ក្នុងឆ្នាំ២០១៨ ឧស្សាហកម្មចិននាំចេញសរុបបាន២៨% នៃការនាំចេញសរុបរបស់វិស័យឧស្សាហកម្ម ទាំងអស់ក្នុងពិភពលោក។ ទិន្ន័យនេះធ្វើឲ្យចិនឈរនាំមុខសហរដ្ឋអាមេរិច១០% ដែលធ្លាប់ជា ប្រទេសដែលមានទំហំឧស្សាហកម្មធំជាងគេបំផុត មុនពេលដែលចិនដណ្តើមបានក្នុងឆ្នាំ២០១០។
គិតត្រឹមឆ្នាំ២០១៨ វិស័យឧស្សាហកម្មចិនមានទំហំប្រមាណ៤ទ្រីលានដុល្លារ (លានលានដុល្លារ) ដែលស្មើនឹង៣០% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ខ្លួន ខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិច សព្វថ្ងៃនេះពឹងផ្អែកលើវិស័យឧស្សាហកម្មកាន់តែតិចតួចជាងមុនទៅទៀត ដែលក្នុងឆ្នាំ២០១៨ ទំហំវិស័យឧស្សាហកម្មមួយនេះ មានត្រឹមតែ១១%ប៉ុណ្ណោះនៃទំហំសេដ្ឋកិច្ចសរុបរបស់ខ្លួន។
ខាងក្រោមនេះគឺជាប្រទេសឧស្សាហកម្មនាំចេញធំជាងគេក្នុងឆ្នាំ២០១៨៖
១) ចិន មានចំណែក ២៨,៤ភាគរយ
២) សហរដ្ឋអាមេរិក មានចំណែក ១៦,៦ភាគរយ
៣) ជប៉ុន មានចំណែក ៧,២ភាគរយ
៤) អាល្លឺម៉ង់ មានចំណែក ៥,៨ភាគរយ
៥) កូរ៉េខាងត្បូង មានចំណែក ៣,៣ ភាគរយ
៦) ឥណ្ឌា មានចំណែក ៣,០ភាគរយ
៧) អ៊ីតាលី មានចំណែក ២,៣ភាគរយ
៨) បារាំង មានចំណែក ១,៩ភាគរយ
៩) អង់គ្លេស មានចំណែក ១,៨ ភាគរយ
១០) ម៊ិកស៊ិក មានចំណែក ១,៥ភាគរយ
ដោយ៖ ជា ឧត្តម្ភ
ប្រភព៖ world economic forum