ក្រុមហ៊ុន NagaCorp មានគម្រោងសាងសង់កាស៊ីណូ ៣០០លានដុល្លារ នៅរុស្ស៊ី ខណៈជោគជ័យខ្លាំងនៅកម្ពុជា
បើទោះបីមានការផ្ទុះនូវវីរុស Covid-19 ដែលកំពុងវាយលុកនិងប៉ះពាល់ទៅលើអាជីវកម្មល្បែងក៏ពិតមែន លោក Chen Lip Keong កំពុងធ្វើការសាងសង់សណ្ឋាគារនិងកាស៊ីណូតម្លៃ ៣០០លានដុល្លារ របស់ក្រុមហ៊ុន NagaCorp របស់លោកបន្ថែម នៅក្រៅតំបន់ Vladivostok ប្រទេសរុស្ស៊ី ដោយគម្រោងនេះគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២១។
មានការរីកចម្រើនខ្លាំងនៃបណ្ដុំកាស៊ីណូក្នុងប្រទេសកម្ពុជា ធ្វើឲ្យប្រាក់ចំណូលរបស់បុរសជនជាតិម៉ាឡេស៊ីរូបនេះ បានកើនឡើងជាង ៦ភាគរយ ក្នុងទឹកប្រាក់ ៥,៣ ពាន់លានដុល្លារ ធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងអ្នកមានដាច់គេក្នុងប្រទេសម៉ាឡេស៊ី ក្នុងបញ្ជីរបស់ Forbe។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp បានកើនឡើងជិតពីរដងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មក នៅពេលមានការពង្រីកគម្រោង Naga2 បន្ថែមក្នុងរាជធានីភ្នំពេញ។
លោក Chen បានទទួលបានអជ្ញាប័ណ្ឌដំណើរការកាស៊ីណូផ្ដាច់មុខក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ ១៩៩៤ ។ ក្នុងឆ្នាំ ២០០៦ ក្រុមហ៊ុន NagaCorp បានក្លាយជាប្រតិបត្តិករណ៍កាស៊ីណូក្នុងប្រទេសកម្ពុជាដំបូងគេ ដែលបានជាប់ក្នុងបញ្ជីទីក្រុងហុងកុង។
ចាប់ផ្ដើមពីការបើកដំណើរកាស៊ីណូលើកដំបូងលើទូកក្នុងទន្លេ លោក Chen Lip Keong បានបង្កើត NagaWorld ហើយបានក្លាយជាមហាសេដ្ឋី។ ក្រោយមកលោកបានវិនិយោគបន្ថែម ៣៦៩ លានដុល្លារ សាងសង់ Naga2 ហើយឥលូវនេះកំពុងគ្រោងសាងសង់ Naga3 បន្ថែមទៀតក្នុងទំហំទឹកប្រាក់ ៣,៥ ពាន់លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២៥។
លោក Chen បានមានប្រសាសន៍ថា គម្រោងសាងសង់កាស៊ីណូក្នុងប្រទេសរុស្ស៊ីនេះគឺជាឱកាសធំមួយប្រៀបដូចលោកបានចាប់ផ្ដើម Naga ក្នុងឆ្នាំ ១៩៩៤ នៅប្រទេសកម្ពុជាដែរ។
លោកបានមានប្រសាសន៍ថា៖ «ការចំណាយទឹកប្រាក់សាងសង់នេះមិនអាចជាឱបសគ្គ រារាំងដំណើរនៃភាពជោគជ័យក្នុងប្រទេសរុស្ស៊ីនោះឡើយ»។
គួរបញ្ជាក់ សព្វថ្ងៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន NagaCorp មានចំនួន ១,៨ ពាន់លានដុល្លារ ដែលមានការកើនឡើង១៩ភាគរយក្នុងឆ្នាំ២០១៩ ហើយមានថ្លៃរបស់ក្រុមហ៊ុនលើទីផ្សារ (market capitalization) ចំនួន ៤៨ ពាន់លានដុល្លារហុងកុង ដែលស្មើនឹង៦,២ ពាន់លានដុល្លារអាមេរិក៕
ដោយ៖ លង់ វណ្ណៈ