ប្រទេសភាគច្រើនហាមប្រើឱសថ Ibuprofen សម្រាប់ Covid19 រួមទាំងកម្ពុជាផង
បណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោកបានហាមមិនឱ្យប្រើឱសថ Ibuprofen ដើម្បីព្យាបាលជំងឺ Covid19 បើទោះបីជា កូរ៉ូណាវីរុស ឬកូវីដ ១៩ ធ្លាប់ត្រូវបានក្រុមគ្រូពេទ្យចិន និងអង្គការសុខភាពពិភពលោក បញ្ជាក់ថា វាអាចបង្កជាបញ្ហាដល់សួត (រលាកសួត) ក្តី ក៏ថ្មីៗនេះក្រុមជំនាញវេជ្ជសាស្ត្រជនជាតិបារាំង បានចេញសេចក្តីប្រកាសមួយថា មិនគួរប្រើប្រាស់ថ្នាំបំបាត់ការរលាកពពួក ibuprofen នោះឡើយ ដោយហេតុថាថ្នាំប្រភេទនេះអាចបង្កជាភាពធ្ងន់ធ្ងរដល់អ្នកជំងឺទៅវិញ។
ជាមួយគ្នានេះដែរ យោងតាមការសាកសួរដោយផ្ទាល់ពីក្រុមការងារ BizKhmer ជាមួយលោកស្រីវេជ្ជបណ្ឌិត តេង ស្រី អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រីក៏បានបញ្ជាក់ដែរថា Ibuprofen ត្រូវបានគេហាមឃាត់មិនឲ្យប្រើសម្រាប់ការព្យាបាលលើអ្នកជំងឺកូវីដ ១៩ ឡើយ។
តាមការចេញផ្សាយពីសារព័ត៌មាន INDEPENDENT របស់អង់គ្លេសបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសមិនធ្វើតេស្ត៍កូវីដជូនប្រជាពលរដ្ឋខ្លួនទៀតឡើង ហើយក្នុងករណីដែលនរណាម្នាក់មានអាការៈឡើងកំដៅខុសធម្មតា និងបន្តវិវត្តន៍ជាក្អក (ក្នុងដំណាក់កាលដំបូង និងអាការៈស្រាលនៅឡើយ) នោះត្រូវនៅផ្ទះជាមុនសិន នៅដាច់ដោយឡែកពីអ្នកដទៃយ៉ាងហោចណាស់រយៈមួយសប្ដាហ៍។ លើសពីនេះការដាក់ខ្លួននៅដាច់ដោយឡែកត្រូវទទួលទានឲ្យបានត្រឹមត្រូវ សម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីតាមដានស្ថានភាពវិវត្តន៍នៃអាការៈ ក្នុងករណីដែលស្ថានការមិនធូរស្រាលសឹមទៅជួបនិងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមការឲ្យនិយមន័យពី អង្គការសុខភាពពិភពលោក កូរ៉ូណាវីរុស ឬកូវីដ ១៩ ជាជំងឺឆ្លងមួយប្រភេទដែលអ្នកឆ្លងភាគច្រើនមានអាការៈស្រាល និងវិវត្តន៍ទៅមធ្យម ហើយអាចជាសះស្បើយដោយមិនចាំបាច់ទទួលការព្យាបាលពិសេសណាមួយពីក្រុមគ្រូពេទ្យនោះទេ (ក្នុងករណីអ្នកឆ្លងមានប្រព័ន្ធភាពស៊ាំល្អ គ្មានជំងឺប្រចាំកាយ) លើកលែងមនុស្សដែលមានវ័យចំណាស់ សុខភាពទ្រុឌទ្រោម មានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែម បេះដូង ថ្លើម ជំងឺផ្លូវដង្ហើម និប្រភេទជំងឺមហារីកជាដើម។ តែរឿងដែលសំខាន់ យើងមិនច្បាស់ក្នុងខ្លួនយើងថា មានកូវីដ១៩ ឬក៏អត់?
អត្ថបទទាក់ទង៖ រឿងមួយចំនួនដែលអ្នកគួរយល់ដឹងដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា
ជាក់ណាស់ថា មកទល់នឹងពេលនេះ ក្រុមវេជ្ជសាស្រ្តនៅមិនទាន់អាចរកឃើញវិធីសាស្រ្តព្យាបាលជាក់លាក់ណាមួយឡើយទៅលើជំងឺកូវីដ ១៩ នេះ មិនថាក្នុងមន្ទីរពេទ្យ ឬកន្លែងណាមួយនោះទេ តែអ្វីដែលក្រុមគ្រូពេទ្យអាចធ្វើបានគឺធ្វើឲ្យអាការៈ ឬរោគសញ្ញារបស់ពួកគេបានធូរស្បើយ (ចំពោះអ្នកដែលមានសភាពធ្ងន់ធ្ងរ) ប៉ុណ្ណោះ នេះបើតាមការលើកឡើងពីសារព័ត៌មាន INDEPENDENT ដដែល។
យោងតាមសារព័ត៌មាន British Medical Journal លោក Olivier Véran រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានលើកឡើងក្នុងបណ្ដាញ tweeter របស់លោកយ៉ាងដូច្នេះថា៖ “ការប្រើថ្នាំបំបាត់ការរលាក អាចជាកត្តាធ្វើឲ្យមានភាពធ្ងន់ធ្ងរបន្ថែមទៀតលើអ្នកជំងឺ និងបន្ថែមនូវការឆ្លងរាលដាលទៅវិញ”។ “ក្នុងករណីដែលមានគុ្រនក្តៅ ប្រើថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបញ្ចុះកម្ដៅទៅ ហើយប្រសិនបើអ្នកបានប្រើវា ឬត្រូវការបានប្រើថ្នាំបំបាត់ការរលាកនេះក្នុងលក្ខខណ្ឌណាមួយ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យទៅ” លោក Olivier Véran បញ្ជាក់បន្ថែម។
តែទោះជាយ៉ាងណា តាមប្រភពដដែលក៏បានលើកឡើងដែរថា វានៅមិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់ថាការដែលរដ្ឋមន្រ្តីរូបនេះមានប្រសាសន៍គឺសំដៅឆ្ពោះតែករណីកូវីដក្នុងប្រទេសរបស់ខ្លួន ឬជាការផ្តល់យោប់ផ្នែកវេជ្ជសាស្ត្រសម្រាប់ពិភពលោកទាំងមូលលើកូវីដ ១៩នេះ ដែលថាពពួកថ្នាំបំបាត់រលាកអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយថយចុះនោះ។
អត្ថបទទាក់ទង៖ សង្ឃឹមទៀតហើយ! អាមេរិករកឃើញថ្នាំ ២ប្រភេទ គឺថ្នាំគ្រុនចាញ់ដូចចិនរកឃើញដែរទប់កូវីដបាន
ពិតទេដែល ប៉ារ៉ាសេតាម៉ុល អាចមានសុវត្ថិភាពជាង Ibuprofen?
នៅក្នុងន័យនេះ បើយោងតាមអ្នកនាំពាក្យផ្នែកសុខភាពសាធារណៈរបស់អង់គ្លេសប្រាប់ទៅសារព័ត៌មាន INDEPENDENT ថានៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយអាចបញ្ជាក់បាននៅឡើយថា Ibuprofen ត្រូវបានគេហាមដាច់ខាតក្នុងការប្រើប្រាស់ដើម្បីព្យាបាលកូវីដ ១៩ ដោយលោកបានបញ្ជាក់ថា៖ “មកទល់ពេលនេះ គ្មានភស្តុតាងវេជ្ជសាស្រ្តណាមួយដែលអាចបញ្ជាក់ថា Ibuprofen អាចបង្កើនហានិភ័យសម្រាប់អ្នកជំងឺកូវីដ ១៩នោះដែរ”។
អត្ថបទទាក់ទង៖ ជឿនលឿនខាងផ្នែកសុខាភិបាលខ្លាំង តែបារាំងកំពុងដុនដាបដោយសារកូវីដ១៩ តាមក្រោយអ៊ីតាលី
ដូច្នេះ តើអ្នកគួរឈប់ប្រើ Ibuprofen ហើយជំនួសដោយ ប៉ារ៉ាសេតាម៉ុលទេ?
លោកវេជ្ជបណ្ឌិតពីររូបគឺ វេជ្ជបណ្ឌិត Wingfield និង វេជ្ជបណ្ឌិត Warren-Gash បានឯកភាពលើភាពមិនច្បាស់លាស់ដូចដែលបានរៀបរាប់ខាងលើ។ ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្រ្តដឹកនាំដោយលោកវេជ្ជបណ្ឌិត Warren-Gash ការស្រាវជា្រវទៅលើផលប៉ះពាល់វាមិនបានបង្ហាញពីលទ្ធផលជាក់លាក់ណាមួយឡើយ តែអ្វីដែលយើងបានរកឃើញគឺភាពខុសគ្នាទៅតាមស្ថានភាពសុខភាពអ្នកជំងឺទៅវិញទេ។
ដោយឡែក តាមការចេញផ្សាយពី Health24.com បានបញ្ជាក់ថា អង្គការសុខភាពពិភពលោកនៅតែផ្តល់អនុសាសន៍ ឲ្យប្រើថ្នាំប៉ារ៉ាសេតាម៉ុល សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ ១៩ ព្រោះអត្រាមានសុវត្ថិភាពខ្ពស់ជាង។ អ្វីដែលជាការអះអាងរបស់អង្គការសុខភាពពិភពលោកក៏មិនមែនជាការប្រឆាំងដាច់ខាតលើការប្រើពពួក Ibuprofen នោះដែរ តែអ្វីទាំងអស់នេះគឺសំដៅដល់ស្ថានភាពជាក់ស្តែងនៅពេលនេះ។ អ្នកនាំពាក្យអង្គការសុខភាពពិភពលោកលោក Christian Linmeier បានមានប្រសាសន៍ថា អ្នកជំនាញសុខភាពនៃអង្គការសហប្រជាជាតិក៏មានការព្រួយបារម្ភ និងបានផ្តល់ជាការណែនាំបន្ថែមលើបញ្ហានេះដូចគ្នា ហើយក៏បញ្ជាក់បន្ថែមទៀតថា ពពួកថ្នាំបំបាត់ការរលាកគឺ ប្រើនៅពេលឈឺក្បាល ការឈឺចាប់រាងកាយសាច់ដុំ គ្រុនក្តៅ រលាកសន្លាក់ និងការឈឺចាប់រយៈពេលយូរ៕
ដោយ៖ យ៉ាយ៉ា
អត្ថបទទាក់ទង៖ អ្នកវិទ្យាសាស្រ្តចិនសម្រេចប្រើថ្នាំផ្តាសាយ Avigan របស់ជប៉ុន ព្យាបាលវីរុសកូវីដ១៩