បញ្ហាផលិតកម្មនៅម៉ាឡេស៊ី ពិភពលោកមិនត្រឹមខ្វះស្រោមដៃពេទ្យ តែខ្វះទាំងស្រោមអនាម័យ
តាមសេចក្ដីរាយការណ៍ពី Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនផលិតស្រោមអនាម័យធំជាងគេបំផុតក្នុងលោកមានមូលដ្ឋាននៅម៉ាឡេស៊ី បានអះអាងអំពីបរិមាណផ្គត់ផ្គង់ស្រោមអនាម័យមានការធ្លាក់ចុះជាងពាក់កណ្ដាល បន្ទាប់ពីមានវិបត្តិវីរុសកូវីដ១៩ ផ្ទុះឡើងខណៈស្តុកដែលក្រុមហ៊ុនមានស្រាប់អាចនឹងចរាចរបានត្រឹមតែ ២ខែទៀតប៉ុណ្ណោះ។
ការប្រកាសនាពេលនេះ ក៏គាប់ជួននឹងការប្រកាសរបស់សមាគមផលិតស្រោមដៃ (Glovemaking Association) របស់ម៉ាឡេស៊ី អះអាងអំពី ឱនភាពនៃការផ្គត់ផ្គង់ទៅកាន់ពិភពលោកដោយសារតែរោងចក្រភាគច្រើនត្រូវបានរដ្ឋាភិបាលដាក់បទបញ្ញត្តឱ្យកាត់បន្ថយបុគ្គលិកបន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទប្រទេសរួចមក។ ស្រោមដៃប្រមាណ ៣ ក្នុងចំណោម ៥ ដែលមន្ទីរពេទ្យនៅជុំវិញ ពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃ ផលិតដោយរោងចក្រជាសមាជិករបស់សមាគមផលិតស្រោមដៃ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីទាំងអស់។
ក្រុមហ៊ុន Karex Bhd. ដែលផលិតស្រោមអនាម័យផ្គត់ផ្គង់ទីផ្សារទូទាំងពិភពលោក ១/៥ ទើបតែបានបើកដំណើរការរោងចក្ររបស់ខ្លួនឡើងវិញកាលពីថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីបិទអស់រយៈពេលជាច្រើនសប្ដាហ៍ ប៉ុន្តែការបើកដំណើរការពេលនេះ គឺប្រើប្រាស់កម្លាំងពលកម្មបានតែពាក់កណ្ដាលតែប៉ុណ្ណោះ ដោយសារតែប្រទេសបិទដើម្បីទប់ទល់នឹងការរីកសាយភាពកូវីដ១៩។
បើតាមការអះអាងពីក្រុមហ៊ុនដដែលនេះបានឱ្យដឹងផងដែរថា ផលិតកម្មស្រោមអនាម័យនៅប្រទេសពីរផ្សេងទៀតគឺ ចិន និងឥណ្ឌា ក៏ជួបបញ្ហាដូចគ្នានេះដែរ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនខាងលើ លោក Goh Miah Kiat បានលើកឡើងថា បរិមាណតម្រូវការកើនឡើងពីរដង ដោយសារតែប្រទេសភាគច្រើនបានដាក់ចេញនូវបញ្ញត្តិឱ្យប្រជាជនស្នាក់នៅផ្ទះមិនចេញក្រៅ ខណៈប្រជាជនភាគច្រើនមិនចង់មានកូន ក្នុងស្ថានភាពអនាគតដ៏មិនច្បាស់លាស់នេះ។
គូសបញ្ជាក់ថា ក្រុមហ៊ុនខាងលើផលិតម៉ាកយីហោជាច្រើនដូចជា Durex ជាដើម។ ក្រុមហ៊ុនផ្គត់ផ្គង់ស្រោមអនាម័យ ៥ពាន់លានក្នុងមួយឆ្នាំ និងនាំចេញទៅកាន់ទីផ្សារពិភពលោកប្រមាណ ១៤០ប្រទេស៕
ដោយ៖ រតនៈវិភូ