​សហរដ្ឋ​អាមេរិក​ប្រកាស​ពី​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ឆាប់ៗ!​



បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ ក៏​ដូច​ជា​ជំទាស់​​ពី​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​​ ​​រដ្ឋបាល​លោក​ Trump ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ សប្ដាហ៍​នេះ​ថា​ ​​ក្រុម​ការងារ​រដ្ឋបាល​របស់​លោក ​គឺ​​ជិត​បញ្ចប់​​ផែនការ​មួយ​ដើម្បី​បើក​សេដ្ឋកិច្ច​​អាមេរិក​ឡើង​វិញ​​​ ដែល​មួយ​ភាគ​​ធំ​ ត្រូវ​បាន​បិទ​ ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​​វីរុស​កូវីដ​១៩។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ Reuters នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​ ​នេះ​ ឱ្យ​ដឹង​ថា​ រដ្ឋបាល​លោក​ Trump ​បាន​កត់​សម្គាល់​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​​នៅ​សហរដ្ឋ​អាមេរិក​ មាន​កា​ថមថយ​ ​​ដែល​​បង្ហាញ​​ពី សញ្ញាណ​វិជ្ជមាន​​ជុំវិញ​​​​ការ​ដាក់​ចេញ​នូវ​ ការ​នៅ​ឆ្ងាយ​ពី​គ្នា​ ឬ​គម្លាត​សុវត្ថិភាព​ (social distancing) និង​ចំណាត់ការមួយ​ចំនួនទៀត

អភិបាល​រដ្ឋ​មួយ​ចំនួន​ទំនង​នា​ពេល​នេះ​ កំពុង​ពិភាក្សា​អំពី​ការ​​ផែនការ​ដើម្បី​បន្ត​សកម្មភាព​​សេដ្ឋកិច្ច​ ឬ​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ។ ជាក់​ស្ដែង​ នៅ​រដ្ឋ​ចំនួន​ ៩​ នៅ​ឆ្នេរ​បែក​ខាង​កើត​ និង​បែក​ខាង​លិច​ ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រកាស​រួច​ហើយ​អំពី​ការ​បើក​សេដ្ឋកិច្ច​ និង​ដក​បម្រាម​ឱ្យ​ស្នាក់​នៅ​ផ្ទះ​ ចេញ។

គិត​មក​ដល់​ពេល​នេះ​ វីរុស​កូវីដ​១៩ បាន​សម្លាប់​​ពលរដ្ឋ​អាមេរិក​ ២២ ០០០នាក់​ និង​បិទ​សកម្មភាព​សេដ្ឋកិច្ច​មួយភាគធំ។ 

​​​​​​ផ្ទុយ​ពី​សហរដ្ឋ​អាមេរិក​ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​​ភាគ​ច្រើន​ នៅ​បិទ​ខ្ទប់​សេដ្ឋកិច្ច​របស់​ខ្លួន​ដដែល​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​បារាំង​ជា​ដើម​ ​បាន​ប្រកាស​បិទ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ​ដែល​តាម​ការ​វាយ​តម្លៃ​ សាលារៀន​ និង​សាលា​មត្តេយ្យ​​ក៏​អាច​នឹង​បើក​ឡើង​វិញ​ផង​ដែរ​​នា​ពេល​នោះ។

ថ្មី​ៗ​ នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​ ជុំវិញ​ការ​ប្រកាស​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ ថា​តើ​ត្រូវ​ធ្វើ​ឡើង​ដោយ​អភិបាល​រដ្ឋ​នីមួយ​ៗ ឬ​ក៏​ជា​ការ​សម្រេច​របស់​ប្រធានាធិបតី​ ឬ​ក៏​ជា​ការ​​ធ្វើ​ឡើង​ព្រមគ្នា។ លោក​ Trump អះអាង​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ថា​ លោក​គឺ​ជា​មនុស្ស​ដែល​ត្រូវ​​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ការ​បើក​សេដ្ឋកិច្ច​ឡើង​​វិញ​ ខណៈ​ក្រុម​អ្នក​ជំនាញ​ខាង​ច្បាប់ ​មិន​យល់​ស្រប​​លើ​រឿង​នេះ​ ហើយ​​អភិបាល​រដ្ឋ​​មួយ​ចំនួន​ចង់​សម្រេច​ដោយ​ខ្លួន​ឯង។

មក​ដល់​ពេល​នេះ​ មាន​រដ្ឋ​មួយ​ចំនួន​នៅ​បន្ត​​បិទ​រដ្ឋ​របស់​ខ្លួន​ រហូត​ដល់​ដាច់​ខែ​មេសានេះ ឯរដ្ឋ​ខ្លះ​ទៀត​បិទ​រហូត​ដល់​ខែមិថុនា ឯណោះ៕​

ដោយ៖ រតនៈវិភូ

X
5s