IMF ព្យាករណ៍ថា៖ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ -១,៦%ឆ្នាំ២០២០
របាយការណ៍ពីមូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់ថា IMF បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះរហូតដល់ -១,៦% សម្រាប់ឆ្នាំ២០២០ ខណៈនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៦,១%វិញ។
បើនិយាយពីតំបន់អាស៊ានទាំងមូល មានប្រទេស ៤ដែលមានសញ្ញាណអវិជ្ជមានដូចកម្ពុជាដែរ ក្នុងនោះមាន ម៉ាឡេស៊ី -១.៧% សិង្ហបុរី -៣.៥% និងថៃធ្ងន់ធ្ងរជាងគេ គឺធ្លាក់ចុះរហូតដល់ -៦.៧%ឯណោះ។
នៅមុនពេលមានបញ្ហាកូវីដ១៩ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានរំពឹងថា មានកំណើន ៦.១%។ នេះបើផ្អែកតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី ៣០ មករា។ កាលពីចុងខែមីនា ធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថាADB បានព្យាករណ៍ថា ដោយសារតែការផ្ទុះឡើងនៃជំងឹកូវីដ១៩នៅឆ្នាំនេះ នឹងបណ្តាលឲ្យសេដ្ឋកិច្ចកម្ពុជាខាតបង់គិតជាទឹកប្រាក់ជាង៣៩០លានដុល្លារ។
ទោះជាបែបនេះក្ដី មិនទាន់មានការសន្និដ្ឋានលើទំហំខាតបង់សេដ្ឋកិច្ចឱ្យបានច្បាស់លាស់នៅឡើយទេ ព្រោះថា វិបត្តិនៅតែបន្តផ្ទុះឡើង ពោលគឺមិនទាន់ដឹងច្បាស់ថា ស្ថានការណ៍នឹងបញ្ចប់ទៅនៅពេលណាឱ្យពិតប្រាកដ៕
ដោយ៖ រតនៈវិភូ