មុខងារ Businesses Nearby ថ្មីរបស់ Facebook នឹងជួយដល់ការធ្វើទីផ្សារនៃអាជីវកម្មអនឡាញទាំងឡាយ​យោងតាម TechCrunch បានឱ្យដឹងថាក្រុមហ៊ុនបណ្ដាញសង្គមយក្យអាមេរិក Facebook បានបញ្ចេញមុខងារដ៍ល្អមួយលើកម្មវិធី Facebook និង Instagram ក្នុងការផ្ដល់ឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងពីរនេះអាចទទួលបានការធ្វើបច្ចុប្បន្នភាព (updates) ពីអាជីវកម្មអនឡាញទាំងឡាយដែលនៅក្បែពួកគេក្នុងស្ថានភាពដែលអាជីវកម្មភាពច្រើនកំពុងតែជួបប្រទះជាមួយនឹងការប៉ះពាល់ពីជម្ងឺ Covid-19 ។

ប្រភព៖ Facebook

មុខងារថ្មីនេះគឺមានឈ្មោះថា Businesses Nearby ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការកំណត់ពីទំហំចម្ងាយនៃទីតាំងដែលពួកគេចង់ទទួលបានការធ្វើបច្ចុប្បន្នភាពពីអាជីវកម្មទាំងឡាយស្ថិតក្នុងចម្ងាយពី ១ ម៉ាយល៍ទៅ ៥០០ ម៉ាយល៍ (miles) ដែលពួកគេអាចទទួលបានការ updates នេះមានដូចជា ម៉ោងដំណើរការ ជម្រើសនៃការដឹកជញ្ជូន និងការកក់ទុកព្រមទាំងអាចធ្វើការផ្ញើរសារទៅផេកអាជីវកម្មនឹងផ្ទាល់បានផងដែរ។ 

អត្ថបទពាក់ព័ន្ធ៖

Facebook ក៌បានបន្ថែមទៀតផងដែរថាការដាក់ឱ្យមានមុខងារមួយនេះគឺចង់ជួយដល់អាជីវកម្មអនឡាញលើបណ្ដាញសង្គមទាំងនេះឱ្យទទួលបានអន្តរកម្មខ្ពស់ជាមួយនឹងអតិថិជនទាំងឡាយរួមទាំងផ្ដល់នូវលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ឱ្យមានភាពងាយស្រួលក្នុងការស្វែងរកបានផលិតផលនិងសេវាកម្មដែលគេប៉ងចង់បាន។ ក្រុមហ៊ុនបណ្ដាញសង្គមយក្យនេះក៏កំពុងតែព្យាយាមធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អាជីវកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនដោយបន្ថែម Business Inbox នៅក្នុងកម្មវិធី Messenger ដែលអនុញ្ញាតឱ្យពួកគេប្រើកម្មវិធី Messenger នេះដើម្បីឆ្លើយតបនឹងសំណួរអតិថិជនដែលបានផ្ញើទៅទំព័រហ្វេសប៊ុករបស់ពួកគេបានផងដែរ។

ក្នុងស្ថានភាពដែលជម្ងឺ Covid-19 នៅតែបង្កចលាចលដល់អាជីវកម្មមួយចំនួនធំជុំវិញសកលោកដែលបានធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទាំងឡាយគឺអាជីវកម្មតាមអនឡាញហាក់ដូចជាបែបបទនៃការទិញ-លក់មួយដែលមានសន្ទុះជាងមុនដោយសារតែមានមនុស្សជាច្រើននៅផ្ទះជាជាងការដើរចេញក្រៅទៅផ្សារឬតាមហាងជាដើម។ ដូចនេះមនុស្សជាច្រើនមានសកម្មភាពតាមអនឡាញច្រើនជាងនៅក្រៅផ្ទាល់។ ជាមួយនឹងមុខងារ Businesses Nearby ថ្មីនេះរបស់ Facebook គឺអាជីវកម្មអនឡាញនឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើទីផ្សារនិងទាញអន្តរកម្មជាមួយនឹងអតិថជនគោលដៅរបស់ពួកគេបានខ្ពស់ក្នុងអំឡុងការវាយលុកជម្ងឺ Covid-19 នេះ៕

ដោយ៖ នឿន វណ្ណៈ

ប្រភព៖ TechCrunch.com

X
5s