មនុស្ស​​៤​ប្រភេទ​នេះ​​ ​អ្នក​គួរ​តែ​ព្យាយាមជៀស​ឲ្យ​ឆ្ងាយ កុំឲ្យមានបញ្ហាថ្ងៃក្រោយ​



មនុស្សជាច្រើនចូលមកក្នុងជីវិតអ្នកដោយមានហេតុផលផ្សេងៗគ្នាជាច្រើន។ មនុស្សខ្លះក៏ក្លាយទៅជាមិត្តភក្ដិដ៏ល្អសម្រាប់អ្នក មនុស្សខ្លះទៀតចូលមកដើម្បីលើកទឹកចិត្តអ្នកនិងស្រលាញ់អ្នក។ ឯខ្លះទៀតក៏ក្លាយទៅជាសត្រូវ។ ដើម្បីជៀសវាងពីការជួបមនុស្សដែលមិនល្អសម្រាប់ឆាកជីវិតអ្នកនោះ នេះជាអ្វីដែលត្រូវដឹងហើយជៀសឱ្យផុតពីវារួមមាន៖ ១) មនុស្សចូលចិត្តប្រើប្រាស់គេដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៖ មនុស្សប្រភេទនេះចូលចិត្តប្រើប្រាស់និងបោកបញ្ឆោតមនុស្សគ្រប់គ្នាអោយធ្វើអ្វីមួយដែលគិតថាល្អសម្រាប់ខ្លួនគេ។ មនុស្សបែបនេះមិនដែលខ្វល់ពីអារម្មណ៍របស់អ្នកដទៃឡើយ។ នៅពេលដែលនរណាម្នាក់សម្រេចអ្វីដែលគេចង់បាននោះហើយ ម្នាក់នោះនឹងក្លាយជាមនុស្សដែលអស់ប្រយោជន៍។ ប្រសិនបើអ្នកជួបប្រទះមនុស្សប្រភេទនេះ អ្វីដែលល្អ អ្នកគួរតែចេះការពារខ្លួនឯង ដោយព្យាយាមកុំពាក់ព័ន្ធ និងមិនត្រូវធ្លាក់ក្នុងឧបាយកលរបស់គេទាំងនោះទេ។ ២) មនុស្សដែលចូលចិត្តនិយាយដើមគេ៖ មនុស្សប្រភេទនេះគឺជាមនុស្សដែលមិនមានភាពសប្បាយរីករាយនៅក្នុងជីវិត។ ហេតុនេះហើយទើបពួកគេចូលចិត្តនិយាយដើមអ្នកដទៃដើម្បីបន្ធូរអារម្មណ៍។ ពាក្យដែលពួកគេនិយាយពីក្រោយខ្នងគេនោះអាចនឹងធ្វើបាបដល់មនុស្ស៣ប្រភេទ រួមមានខ្លួនពួកគេផ្ទាល់ អ្នកដែលអង្គុយចាំស្ដាប់ និងមនុស្សដែលពួកគេកំពុងនិយាយដើម។ អ្វីដែលល្អបំផុតក្នុងការគេចចេញពីមនុស្សបែបនេះ គឺមិនត្រូវចូលរួមជាមួយពួកគេជាដាច់ខាតនិង ព្យាយាមបញ្ឈប់សម្ដីដែលពួកគេចង់និយាយ ។ បើមិនដូច្នេះទេ មនុស្សបន្ទាប់ដែលពួកគេនឹងលើកឡើងមកនិយាយនោះគឺជាអ្នក។ ៣) អ្នកចូលចិត្តស្ដីបន្ទោសគេ៖ មនុស្សបែបនេះគឺចូលចិត្តស្ដីបន្ទោសអោយអ្នកដទៃ ដោយគ្មានហេតុផលច្បាស់លាស់។ ហើយជាពិសេសនោះពួកគេមានទំនួលខុសត្រូវបន្តិចបន្តួចណាស់សម្រាប់ខ្លួនឯង។ យើងដឹងហើយថាមនុស្សណាក៏មានកំហុស ហើយក៏គ្មានមនុស្សណាម្នាក់ដែលតែងតែល្អគ្រប់ពេលនោះដែរ។ ប៉ុន្តែហេតុអ្វីយើងចាំបាច់នៅជិតមនុស្សដែលចូលចិត្តស្ដីបន្ទោសដល់អ្នកទៅវិញ។ ៤) មនុស្សដែលចូលចិត្តត្អូញត្អែរ៖ អ្នកអាចនឹងជួបប្រទះជាមួយមនុស្សប្រភេទនេះច្រើន ដែលពួកគេតែងតែនិយាយរអ៊ូរទាំខុសរឿង ជារឿយៗដាក់អ្នក។ មនុស្សប្រភេទនេះមិនអាចជួយអ្វីជាធំដំដល់អ្នកដទៃបានទេ ពួកគេបានត្រឹមតែអោយអ្នកដទៃទទួលដឹងលឺនូវរឿងរ៉ាវដែលមិនល្អតែប៉ុណ្ណោះ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s