វិធី ៥យ៉ាងនេះ នឹងជួយបន្ទន់ចិត្តឪពុកម្ដាយឲ្យចូលចិត្តសង្សាររបស់អ្នក
ដោយសារតែគេជាមនុស្សថ្មីសម្រាប់ពួកគាត់ ទើបពេលខ្លះគាត់ហាក់ដូចជាមានការសង្ស័យ និង ឃាត់ឃាំងហួសហេតុ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែព្យាយាមធ្វើយ៉ាងណាណែនាំមនុស្សដែលខ្លួនស្រលាញ់ដល់គាត់ផងដែរ ព្រោះចំណងមិត្តភាពនឹងកាន់តែរឹងមាំប្រសិនបើពួកគាត់បានដឹង និងស្គាល់សង្សារបស់អ្នកកាន់តែច្បាស់។ នេះជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីបន្ទន់ចិត្តឪពុកម្ដាយឲ្យចូលចិត្តសង្សាររបស់អ្នក៖
១) និយាយជាមួយសង្សាររបស់អ្នកជាមុនសិន៖ ត្រូវប្រាប់គ្នាឲ្យបានដឹងជាមុនថា អ្នកនឹងមានគម្រោងប្រាប់គ្រួសារអ្នកឲ្យបានដឹងពីស្នេហានេះ។ បន្ទាប់មកពេលដែលពួកគេត្រៀមខ្លួនរួចរាល់ហើយនោះ វាជាពេលវេលាល្អដែលអ្នកត្រូវនាំគេមកជួបឪពុកម្ដាយ។
២) គួរនិយាយគ្នាជាមួយឪពុកម្ដាយអ្នកជាមុនសិន៖ អ្នកគួរបង្ហាញទៅដល់ពួកគាត់ឲ្យជឿថា ស្នេហានេះគឺជាស្នេហាដែលស្មោះស្ម័គ្រ ហើយអ្នកទាំងពីរគឺពិតជាស្រលាញ់គ្នានិងត្រូវការគ្នាខ្លាំងណាស់។ ប្រសិនបើអ្នកបង្ហាញពួកគាត់ពីស្នេហារបស់អ្នកយ៉ាងជាក់លាក់នោះ ពួកគាត់នឹងកាន់តែមានអារម្មណ៍ចង់ស្គាល់សង្សារនោះកាន់តែខ្លាំង។
៣) ព្យាយាមប្រាប់សង្សារអ្នកពីអ្វីដែលឪពុកម្ដាយអ្នកត្រូវការ៖ ជាការពិតណាស់អ្នកប្រហែលជាដឹងហើយថា ឪពុកម្ដាយជាមនុស្សប្រភេទណា និងចូលចិត្តមនុស្សប្រភេទណា។ អាចថាពួកគាត់ចូលចិត្តមនុស្សដែលមានចំណេះដឹងខ្ពស់ ដូចនេះអ្នកគួរប្រាប់ដល់សង្សាររបស់អ្នកឲ្យនិយាយអ្វីដែលបង្ហាញថា ខ្លួនគេជាមនុស្សចេះដឹង ដើម្បីឲ្យសក្ដិសមនឹងអ្វីដែលពួកគាត់ត្រូវការ។
៤) ជូនកាដូដល់ពួកគាត់៖ ការជូនជាកាដូនេះក៏អាចធ្វើឲ្យ ពួកគាត់មានអារម្មណ៍ល្អមកលើសង្សារអ្នកផងដែរ។ មិនថាកាដូនោះមានតម្លៃថ្លៃ ឬ អស្ចារ្យយ៉ាងណាទេ តែវាបានបង្ហាញពីការខ្វល់ខ្វាយ ក៏ដូចជាការគោរពដល់ ឪពុកម្ដាយអ្នក។
៥) មិនត្រូវមានការភិតភ័យ៖ តើឪពុកម្ដាយគេអាចនឹងជឿជាក់លើអ្នកបានឬទេនៅពេលដែលដឹងថាអ្នកជាមនុស្សដែលតែងតែភ័យខ្លាចខុសរឿងដូច្នេះ? ហេតុនេះហើយមិនត្រូវបង្ហាញអារម្មណ៍ភិតភ័យនៅចំពោះមុខពួកគាត់ទេ អ្នកគួរបន្ធូរអារម្មណ៍ហើយគិតពីរឿងសប្បាយៗវិញទើបល្អ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា