តើ​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​មនុស្ស​ម្នាក់ ​មាន​មហិច្ឆតា​​ជាង​មនុស្ស​ម្នាក់​ទៀត?​



ជាទូទៅ មនុស្សដែលមានមហិច្ឆតាខ្ពស់គឺតែងតែងមានកម្រិតចំណេះដឹងខ្ពស់ ព្រមទាំងរកប្រាក់ចំណូលបានច្រើនថែមទៀតផង ច្រើនជាងមនុស្សដែលមិនសូវជាមានមហិច្ឆតា។ ហើយជំពូកមនុស្សដែលមានមហិច្ឆតាខ្ពស់ ក៏តែងតែកំណត់គោលដៅជានិច្ច ហើយខិតខំធ្វើការងារដើម្បីសម្រេចបាននូវគោលបំណងមួយនោះ។ យ៉ាងណា មនុស្សមួយចំនួនគិតថា ការមានមហិច្ឆតាខ្ពស់ គឺជារឿងអវិជ្ជមានមួយ ដោយសារតែវាធ្វើឲ្យគិតគូរទៅលើតែកិច្ចការងារក្រៅខ្លួន ដែលមិនមែនជាសេចក្ដីសុខពិតប្រាកដនោះទេ។ ខាងក្រោមនេះគឺជាកត្តាដែលជំរុញឲ្យមនុស្សម្នាក់ៗមានកម្រិតមហិច្ឆតាខុសៗគ្នា៖

១) កំណើតមុន ឬក្រោយ៖ ភាគច្រើន កូនដែលជាកូនពៅ ឬមានអាយុក្មេងជាងបងរបស់វាច្រើនអាចមានលទ្ធផល២យ៉ាង ដោយសារតែការប្រៀបធៀបនោះកើតឡើងចំពោះមនុស្ស២នាក់ដែលមានកម្រិតចំណេះដឹងក៏ដូចជាបទពិសោធន៍ខុសគ្នា។ កូនប្អូន ឬប្អូនពៅអាចក្លាយមកជាអន់ចិត្ត ឬគិតថាខ្លួនឯងល្អមិនស្មើបងៗរបស់វា ឬអាចក្លាយទៅជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ ដោយសារតែការប្រៀបធៀបនោះ មិនមែនទៅលើមនុស្សដែលមានកម្រិតស្របាលគ្នានោះទេ។

២) ភាពក្លាហាន៖ មនុស្ស២នាក់ដែលបានកំណត់គោលដៅដូចគ្នា មិនប្រាកដថាពួកគេទាំង២អាចសម្រេចគោលដៅទាំង២នេះបានជាមួយគ្នានោះ ប្រសិនបើម្នាក់មិនសូវមានភាពក្លាហាន ហើយម្នាក់ទៀតបែរជាមានភាពក្លាហាននោះ។ ភាពក្លាហាននេះទៀតសោត នឹងធ្វើឲ្យអ្នកឆាប់សម្រេចបាននូវគោលដៅរបស់អ្នក តែមិនមែនក្លាហានក្នុងភាពល្ងង់ខ្លៅនោះទេ។

៣) ចង់បង្ហាញពីតម្លៃរបស់ខ្លួន៖ នៅពេលដែលមនុស្សម្នាក់ចង់បង្ហាញពីតម្លៃរបស់ខ្លួនឲ្យពិភពលោកបានឃើញ ពួកគេនឹងចាប់ផ្ដើមធ្វើអ្វីមួយ ពួកគេនឹងចាប់ផ្ដើមកំណត់គោលដៅ ពួកគេនឹងព្យាយាមកែប្រែខ្លួនជាមនុស្សថ្មីដែលល្អជាងមុន ហើយពួកគេក៏នឹងហ្វឹកហាត់ខ្លួនឯងរាល់ថ្ងៃ ព្រោះពួកគេដឹងថាពួកគេនឹងមានការប្រកួតដែលនៅរង់ចាំពួកគេនៅថ្ងៃខាងមុខ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

X
5s