ពេលដែលអ្នកអត់ការងារធ្វើអ្នកនឹងចាប់ផ្តើមមានគំនិតនេះ​



ជីវិតមនុស្សយើងមានទិសដៅខុសៗគ្នា តែមនុស្សជាទូទៅចូលចិត្តបន្ទោសខ្លួនឯងនៅពេលដែលរកការងារធ្វើពុំបាន ហើយពេលខ្លះត្រូវបានអ្នកដទៃសើចចំអកថែមទៀតផង ដែលចាត់ទុកថាជារឿងមួយដ៏អាមាស តែអ្នកក៏មិនត្រូវស្ដីបន្ទោសឲ្យខ្លួនឯងដែរ ព្រោះហេតុផលខាងក្រោមនេះប្រាកដជាអាចពន្យល់ប្រាប់អ្នកបាន៖

១) អ្នកនឹងចាប់ផ្ដើមមើលពិភពលោកក្នុងផ្លូវមិនល្អ៖ នៅពេលដែលអ្នករកការងារធ្វើមិនបាន អ្នកមិនត្រឹមតែគិតថាខ្លួនឯងអត់បានការនោះទេ អ្នកថែមទាំងយល់ថាពិភពលោកហាក់បីដូចជាអយុត្តិធម៌ចំពោះរូបអ្នកថែមទៀតផង។ បន្ទាប់មក អ្នកក៏ចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ដែលការធ្វើបែបនេះនឹងមិនជួយឲ្យអ្នកយល់ឃើញអ្វីៗនៅក្នុងផ្លូវល្អនោះទេ។

២) ឆាប់អស់សង្ឃឹមក្នុងឆាកជីវិត៖ ជីវិតរបស់អ្នកមិនមែនវាយតម្លៃដោយសារតែការមានការងារធ្វើឬមិនមានតែមួយមុខនេះនោះទេ ដូចនេះ អ្នកគួរតែកុំផ្ដោតអារម្មណ៍ទៅលើចំណុចមួយពេក រហូតភ្លេចអស់នៅមនុស្សជុំវិញខ្លួន ឬក៏ភ្លេចពីព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងនៅក្នុងបច្ចុប្បន្នភាពនេះជាដើម ព្រោះថាបើពេលវេលានេះកន្លងផុតទៅនោះ វានឹងគ្មានថ្ងៃត្រលប់មកវិញម្ដងទៀតនោះទេ។

៣) ភាពបរាជ័យមួយនេះធ្វើឲ្យអ្នកភ្លេចនូវភាពជោគជ័យឯទៀត៖ គ្រាន់តែគ្មានការងារធ្វើបណ្ដោះអាសន្ន វាមិនមែនមានន័យថាអ្នកគ្មានការងារធ្វើពេញមួយជីវិតឯណា ហើយវាក៏មិនប្រាកដថាអ្នកនឹងទទួលបាននូវតែភាពបរាជ័យពេញមួយជីវិតឯណា ហេតុនេះហើយជាជាងការផ្ដោតអារម្មណ៍របស់អ្នកទៅលើភាពបរាជ័យទាំងអស់នោះ អ្នកគួរតែផ្ដោតអារម្មណ៍ទៅលើភាពជោគជ័យផ្សេងៗទៀតដែលអ្នកទទួលបានទៅទើបល្អជាជាង៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s