រឿង៣យ៉ាងដែលអ្នកត្រូវធ្វើក្នុងវ័យ៣០ឆ្នាំ ដើម្បីសាងជីវិតដ៏ល្អប្រសើរក្នុងវ័យខ្ទង់៥០
នៅក្នុងដំណាក់កាលនៃជីវិតមួយដែលពួកយើងអាចសាងភាពល្អប្រសើរបានជាច្រើនសម្រាប់ជីវិតនាពេលអនាគត ពួកយើងច្រើនតែមើលរំលងពេលវេលានេះ ចូលចិត្តយកលេសពន្យារពេលជាធំ ពោលគឺតែងនិយាយថា ចាំពេលនេះពេលនោះជាដើម។ មនុស្សភាគច្រើន ចូលចិត្តមើលឃើញតែប្រយោជន៍ក្នុុងរយៈពេលខ្លី តែភ្លេចគិតពីប្រយោជន៍យូរអង្វែង ជាហេតុនាំឲ្យមានការធ្វេសប្រហែស នាំឲ្យអន្តរាយនៅថ្ងៃក្រោយ។ ការធ្វេសប្រហែស ដោយមិនសូវគិតវែងឆ្ងាយនេះហើយ នឹងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមិនគ្រាន់តែអាចបន្សល់ទុកនូវវិប្បដិសារីប៉ុណ្ណោះសម្រាប់អ្នកនៅថ្ងៃក្រោយ តែក៏មានបញ្ហាជាច្រើនទៀត ដូចជា សុខភាព ការផ្សះផ្សាសម្ពន្ធភាព និង ការវិនិយោគទៅលើចំណេះដឹងផ្ទាល់ខ្លួនជាដើម។ រឿង៣យ៉ាងខាងក្រោមនេះ គឺជាចំណុចដែលអ្នកគួរគិតពិចារណាសារជាថ្មីនៅពេលអ្នកមានវ័យ៣០ឆ្នាំ ដើម្បីសាងភាពល្អប្រសើរសម្រាប់ជីវិតក្នុងវ័យ៥០ឆ្នាំរបស់អ្នកខាងមុខ៖
១) ការថែទាំសុខភាពរបស់អ្នកជាប្រចាំ៖ តើភាពជោគជ័យការងាររបស់អ្នកមានតម្លៃដែរទេ បើអ្នកត្រូវដោះដូរវាជាមួយសុខភាពរបស់អ្នកនោះ ? មនុស្សជាច្រើនតែងប្រកាន់យកផ្នត់គំនិតបែបនេះ ព្រោះពួកគេមើលឃើញប្រយោជន៍នៅចំពោះមុខ ជាប្រយោជន៍រយៈពេលខ្លី ហើយបែរជាធ្វេសប្រហែសមិនគិតគូរពីសុខភាពរបស់ខ្លួន ជាលទ្ធផលចុងក្រោយអ្វីដែលពួកគេទទួលបានគ្រាន់តែជាប្រាក់ដែលបានពីការខិតខំប្រឹងប្រែងធ្វើការយកទៅចិញ្ចឹមជំងឺរបស់ខ្លួនតែប៉ុណ្ណោះ។ បើអ្នកមើលឃើញខ្លួនឯង ដើរលើគន្លងផ្លូវបែបនេះ វាមិនទាន់ហួសពេលសម្រាប់អ្នកក្នុងការថែទាំសុខភាពនៅឡើយទេ។ សូមបញ្ឈប់ការជក់បារី ចៀសវាងការទទួលទានអាហារគ្មានជីវជាតិ ធ្វើលំហាត់ប្រាណជាប្រចាំ ថែទាំសុខភាពមាត់ធ្មេញ និងការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ និងទៀងពេល។
២) ជួសជុល និងសាងសម្ពន្ធភាពដែលប្រកបដោយអត្ថន័យជាមួយគ្រួសារ មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់៖ សម្ពន្ធភាពជាមួយមនុស្សសំខាន់ៗបានបំពេញនូវចំណែកដ៏ធំធេងនៅក្នុងសេចក្ដីសុខក្នុងជីវិតរបស់អ្នក។ ពួកគេជាកម្លាំងចិត្តរបស់អ្នក ជាមូលហេតុដ៏សំខាន់ដែលធ្វើឲ្យអ្នកមើលឃើញពីតម្លៃរបស់ខ្លួន និងសម្ពន្ធភាព។ នៅពេលភាពបរាជ័យ ភាពអស់សង្ឃឹមចូលមកជំនួសសេចក្ដីសោមនស្សរីករាយ នោះវត្តមានពួកគេនឹងផ្ដល់ជាពន្លឺសម្រាប់បំភ្លឺភាពងងឹតរបស់អ្នក ហើយអ្នកក៏ត្រូវផ្ដល់នូវតម្លៃទាំងនោះទៅពួកគេវិញដែរ។ ម្យ៉ាងទៀត ការពង្រឹងនូវសម្ពន្ធភាពរបស់អ្នកដោយនិយាយបើកចំហពីការយល់ឃើញខុសប្លែកគ្នា នឹងបណ្ដុះនូវទំនុកចិត្តសន្សឹមៗដែលមានចំពោះគ្នាទៅវិញទៅមកថែមទៀតផង។ ហេតុនេះ ការជួសជុល និងការសាងសម្ពន្ធភាពដែលប្រកបដោយអត្ថន័យជាមួយមនុស្សទាំងនោះ ពិតជាមានភាពសំខាន់នៅក្នុងជីវិតអ្នកណាស់។
៣) បំពេញនូវប្រយោជន៍ដល់មនុស្សនៅក្នុងសហគមន៍របស់អ្នក៖ តម្លៃនៃជីវិតរបស់មនុស្ស គឺកើតចេញមកពីការតម្រង់ទិសជីវិតរបស់ខ្លួនដោយដើរនៅលើផ្លូវដ៏ត្រឹមត្រូវមិនថាកាលៈទេសៈខាងក្រៅផ្លាស់ប្ដូរ មានឥទ្ធិពលលើអ្នកបែបណាក៏ដោយ ជាការធ្វើខ្លួនឲ្យមានតម្លៃជាជាងស្វែងរកភាពជោគជ័យមកបង្ហាញពីតម្លៃរបស់ខ្លួន និងអ្វីដែលសំខាន់បំផុតគឺការបំពេញប្រយោជន៍ដល់អ្នកនៅជុំវិញខ្លួន ដោយមិនរំពឹងនូវការតបស្នងអ្វីពួកគេវិញនោះឡើយ នៅពេលនោះអ្នកនឹងមានសេចក្ដីស្ងប់សុខចេញពីក្នុងចិត្ត ដែលបង្កើននូវគុណតម្លៃនៃជីវិតរបស់អ្នក ទោះជាអ្នកគ្មានភាពជោគជ័យនៅក្នុងសង្គមក្ដី៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ higherperspectives