ហេតុផល២យ៉ាង ដែលបញ្ជាក់ថា អ្នកគួរចាប់ផ្តើមរស់នៅក្នុងជីវិតរបស់អ្នក
អ្នកមិនត្រូវសួរថាអ្នកដទៃថា តើជីវិតមានអត្ថន័យបែបណានោះទេ ផ្ទុយទៅវិញ អ្នកត្រូវដាក់សំណួរនេះសួរមកកាន់ខ្លួនឯង ដោយប្រើប្រាស់ជីវិតរបស់ខ្លួនប្រកបដោយការគិតគូរបានម៉ត់ចត់ និងបំពេញវាដោយភាពសប្បាយរីករាយ និងសេចក្ដីសុខចេញពីចិត្ត។ បើអ្នកមិនពេញចិត្តអ្វីមួយនៅក្នុងជីវិត អ្នកត្រូវក្រោកឈរឡើងទៅផ្លាស់ប្ដូរវាទៅតាមចិត្តដែលខ្លួនចង់បាន។ អំណាចក្នុងការមានសិទ្ធិកាន់កាប់ និងជាអ្នកកាច់ចង្កូតជីវិតរបស់អ្នក គឺគ្មាននរណាក្រៅពីអ្នកខ្លួនឯងនោះទេ។ អំណាចស្ថិតនៅក្នុងខ្លួនរបស់អ្នក គ្រាន់តែអ្នកត្រូវមានភាពក្លាហានគ្រប់គ្រាន់ក្នុងការដកសិទ្ធិអំណាចនោះយកមកប្រើឬអត់តែប៉ុណ្ណោះ។ ហេតុផលបង្ហាញខាងក្រោមនេះ នឹងបញ្ជាក់អ្នកឲ្យជម្រះមន្ទិលនៅក្នុងចិត្តថា ហេតុអ្វីអ្នកត្រូវចាប់ផ្ដើមរស់នៅជីវិតជារបស់ខ្លួនចាប់ពីពេលនេះទៅ៖
១) ជារៀងរាល់ថ្ងៃគឺជាការចាប់ផ្ដើមជីវិតថ្មីរបស់អ្នក៖ បើអ្នកមិនពេញចិត្តផ្នែកណាមួយក្នុងជីវិតរបស់អ្នក ចូរកុំស្ទាក់ស្ទើរក្នុងការធ្វើការផ្លាស់ប្ដូរវាចេញពីជីវិតអ្នក និងស្វែងរកអ្វីដែលល្អប្រសើរជាងពីមុនសម្រាប់ជីវិត។ ការផ្លាស់ប្ដូរ មិនចាំបាច់តែស្អែក ១ឆ្នាំក្រោយ ឬចាំពេលអ្នកចាស់ជរានោះទេ បើវាធ្វើឲ្យអ្នកមានភាពទោមនស្សរំខានដល់សេចក្ដីសុខរបស់អ្នកនាពេលនេះ ការផ្លាស់ប្ដូរក្នុងពេលឥឡូវនេះ គឺជារឿងដែលអ្នកត្រូវចាប់ផ្ដើមធ្វើហើយ។ ឯការបរាជ័យរមែងកើតមានឡើងនៅក្នុងដំណើរជីវិតរបស់បុគ្គលគ្រប់រូប ភាពភ័យខ្លាចក្នុងការបរាជ័យនឹងមិននាំអ្នកឈានទៅរកការផ្លាស់ប្ដូរដែលជះឥទ្ធិពលវិជ្ជមានសម្រាប់ជីវិតអ្នកនោះឡើយ។ បើអ្នកភ័យខ្លាចភាពបរាជ័យនៅក្នុងការផ្លាស់ប្ដូរ ហើយជ្រើសរើសសំងំស្ងៀមនៅក្នុងតំបន់សុវត្ថិភាពរបស់ខ្លួន នោះជីវិតអ្នកនឹងគ្មានការផ្លាស់ប្ដូរអ្វីឡើយ ហើយការផ្លាស់ប្ដូរក៏មិនធ្លាក់មកពីលើមេឃនោះដែរ សំខាន់តើអ្នកមានឆន្ទៈគ្រប់គ្រាន់ និងភាពក្លាហានក្នុងការចង់ស្ថាបនាជីវិតរបស់ខ្លួនឲ្យមានភាពល្អប្រពៃថ្លៃថ្លាដែរឬអត់។
២) កុំចាំការអនុញ្ញាតពីអ្នកដទៃ៖ ជីវិតនេះ គឺអ្នកតែម្នាក់គត់ជាអ្នកមានសិទ្ធិសម្រេចនូវអ្វីៗគ្រប់យ៉ាងដែលមានភាពរុងរឿងសម្រាប់ខ្លួនឯង ដែលមិនមែនជាការរស់នៅតាមការរំពឹងទុករបស់មនុស្សជុំវិញខ្លួននោះឡើយ តែជាការរស់នៅស្របទៅតាមការយល់ឃើញដែលប្រកបដោយសតិសម្បជញ្ញៈរបស់ខ្លួន។ ចូរកុំស្វែងរកការអនុញ្ញាតពីនរណាក្រៅពីខ្លួនឯងឲ្យសោះ។ អ្នកចង់បំផ្លាញជីវិតខ្លួនឯង ឬផ្ដល់សេចក្ដីចម្រុងចម្រើនដល់ជីវិត វាគឺជាសិទ្ធិរបស់អ្នក។ បើអ្នកដទៃមានចេតនាបៀតបៀនអ្នក ព្យាយាមធ្វើឲ្យជីវិតអ្នកងងឹតសូន្យសុង បើអ្នកបដិសេធមិនទទួលយកវា មិនផ្ដល់ការអនុញ្ញាតដល់វាមកមានអំណាចលើជីវិតអ្នក នោះក៏នឹងគ្មានកត្តាខាងក្រៅឯណាអាចមករំខានដល់ការដាំដុះរបស់អ្នកទៅលើជីវិតបានដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ influencive