សាកល្បង​នូវ​ ​គន្លឹះ​ទាំង​៣​នេះ​ដើម្បី​​ដោះស្រាយ​បញ្ហា​ជំងឺ​គេង​មិន​លក់​



មានមនុស្សមិនតិចនាក់នោះទេ ដែលមានជួបប្រទះនឹងរោគគេងមិនលក់ជារៀងរាល់យប់ និងបានផ្ដល់ផលរំខានដល់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួននៅថ្ងៃបន្ទាប់។ ការគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់បានផ្ដល់ផលអវិជ្ជមានជាច្រើនមិនថាចំពោះសុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់ពួកគេនោះឡើយ។ មូលហេតុដែលបង្កជាភាពលំបាកសម្រាប់អ្នកក្នុងការបិទភ្នែកគេងលក់យ៉ាងស្កប់ស្កល់រាល់យប់នោះ មានការរួមបញ្ចូលគ្នាទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុងផងដែរ។ បើអ្នកចង់ទទួលបានថាមពលពេញលេញនៅព្រឹកថ្ងៃបន្ទាប់សម្រាប់បំពេញកិច្ចការឲ្យមានប្រសិទ្ធភាពខ្ពស់ នោះយុទ្ធសាស្ត្រទាំង៣ខាងក្រោមនេះនឹងមានប្រយោជន៍ដល់អ្នកមិនខាន៖

១) បញ្ឈប់ការខ្វល់ខ្វាយរបស់អ្នក៖ អ្នកមានបញ្ហានឹងការគេងមិនលក់ភាគច្រើន តែងសម្លឹងមើលទៅនាឡិកា ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានពីការគេងមិនបានគ្រប់គ្រាន់ដល់ថ្ងៃស្អែក។ ការសម្លឹងមើលនាឡិកាបែបនេះ នឹងមិនផ្លាស់ប្ដូរអ្វីល្អដល់ការពិតពីការគេងមិនលក់របស់អ្នកឡើយ ផ្ទុយទៅវិញ វានឹងបង្កើតនូវអារម្មណ៍តក់ក្រហល់ ភាពភ័យខ្លាច និងកំហឹងដល់អ្នកទៅវិញដែលជាលទ្ធផលនៃការខ្វាយខ្វល់របស់អ្នកនេះឯង ហើយនៅពេលអ្នកមានអារម្មណ៍បែបនេះ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូន ដែលធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការគេងលក់។ អ្នកអាចប្ដូរពីភាពតានតឹងនេះ ទៅជាអារម្មណ៍ធូរស្រាលបានដោយការធ្វើសមាធិ ឬធ្វើចលនាសម្រាកសាច់ដុំជាដើម នោះអ្នកនឹងទទួលនូវអារម្មណ៍ងងុយគេងជាមិនខានឡើយ។

២) ចៀសវាងពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ៖ បើក្រោយពីព្យាយាមសម្ងំគេងអស់២០នាទីហើយ មិនទទួលបានផលអ្វី នោះអ្នកអាចផ្លាស់ប្ដូរអារម្មណ៍របស់អ្នកជាមួយនឹងគ្រែគេងដោយក្រោកឡើងចេញទៅធ្វើអ្វីផ្សេង ដូចជាអានសៀវភៅ ដែលការអាននឹងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងឆាប់ងងុយគេង តែគួរចៀសវាងដាច់ខាតនូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទមុនពេលចូលគេង ព្រោះពន្លឺដែលជះចេញពីឧបករណ៍ទាំងនេះ នឹងប្រាប់រាងកាយរបស់អ្នកឲ្យភ្ញាក់ ស្របពេលដែលអ្នកត្រូវការសម្រាក។ ម្យ៉ាងទៀត កំឡុងពេលអ្នកសម្ងំគេង បើអ្នកទទួលរងនូវសម្ពាធដែលអាចធ្វើការកត់សម្គាល់បានតាមរយៈសញ្ញាណមួយចំនួនដូចជា ការដកដង្ហើមញាប់ ចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី និងភាពតានតឹងនៃសាច់ដុំ ដូច្នេះអ្នកអាចទប់ទល់នឹងបញ្ហាទាំងនេះបានដោយការងូតទឹកក្ដៅ ការសមាធិ និងអានសៀវភៅ។

៣) ចៀសវាងនូវការទទួលទានជាតិកាហ្វេអីុនក្រោយពីម៉ោង២៖ ឥទ្ធិពលនៃជាតិកាហ្វេអីុនអាចប៉ះពាល់ដល់អ្នកលើសពី៦ម៉ោងរាប់ចាប់ពីការទទួលទានចុងក្រោយរបស់អ្នក ដែលវានឹងធ្វើឲ្យខូចខាតដល់វដ្ដដំណេករបស់អ្នកនៅពេលអ្នកទទួលទានវាយូរពេក ក្រោយពីម៉ោង២ថ្ងៃត្រង់ទៅ។ ជាភ្ញាក់រលឹក អ្នកឯកទេសជាច្រើន ក៏បានណែនាំពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានកាហ្វេ គឺចន្លោះម៉ោង៩:៣០ព្រឹកដល់ម៉ោង១១:៣០ព្រឹក៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.lifehack.com

X
5s