អនុវត្តគន្លឹះសំខាន់ៗនេះ ដើម្បីក្លាយជាមនុស្សប្រយោជន៍សម្រាប់ឆ្នាំថ្មី
មានមនុស្សច្រើនណាស់ដែលចង់ធ្វើឲ្យខ្លួនឯងកាន់តែល្អ និងប្រសើរឡើង ក្នុងថ្ងៃចាប់ផ្ដើមឆ្នាំថ្មី២០១៧។ តែពួកគេតែងជ្រើសរើសវិធីណាដែលធ្វើឲ្យខ្លួនឯងធុញថប់និងពិបាកក្នុងការធ្វើឲ្យប្រសើរឡើង។ ចុះហេតុអ្វី ក៏មិនរកវិធីណាដែលសប្បាយ ហើយក្នុងពេលនោះអ្នកអាចអភិវឌ្ឍន៍ខ្លួនឯងបានដែរទៅ?
១) ភ្នាល់គ្នាជាមួយអ្នកដទៃ (ក្នុងផ្លូវល្អ)៖ បើសិនអ្នកមានមិត្តរួមការងារ អ្នកគួរតែប្រកួតឬភ្នាល់ជាមួយពួកគេ។ តើអ្នកណាដែលអាចធ្វើបានលឿនជាង? តើអ្នកណាអាចលក់ផលិតផលក្រុមហ៊ុនបានអស់លឿនជាង? បន្ទាប់មក បើអ្នកណាឈ្នះគួរតែមានរង្វាន់ឲ្យគ្នា។ ការធ្វើបែបនេះហើយអ្នកទទួលបានទាំងការសប្បាយរីករាយ ហើយអាចឲ្យខ្លួនឯងមានប្រយោជន៍កាន់តែច្រើនទៀត។
២) សម្រាកឲ្យបានច្រើន៖ ការសម្រាកធ្វើឲ្យមនុស្សកាន់តែមានប្រយោជន៍ចំពោះអ្វីដែលគេបានធ្វើ ជាពិសេសអ្នកដែល បាត់បង់កម្លាំងចិត្ត ឬបរាជ័យការងារ។ ដូចនេះអ្នកត្រូវចំណាយពេលខ្លះសម្រាក ហើយធ្វើអ្វីដែលអ្នកចង់ធ្វើ ដើម្បីបំបាត់ភាព តានតឹងដែលមាន ហើយបង្កើនប្រយោជន៍ដល់ខ្លួន។
៣) ធ្វើដំណើរកម្សាន្តឲ្យច្រើន៖ ពេលអ្នកបាត់បង់កម្លាំងចិត្ត បាត់បង់អារម្មណ៍នឹងការងារ តានតឹងនឹងអ្វីជុំវិញខ្លួន ធម្មជាតិពិតជាអាចជួយសម្រាលអ្នកបានច្រើន។ ខ្យល់អាកាសល្អអាចជួយអ្នកដកដង្ហើមបានស្រួល ដើមឈើក៏អាចឲ្យអារម្មណ៍អ្នកផ្ដោតឬផ្ចង់បានល្អផងដែរ។
៤) ធ្វើឲ្យខ្លួនឯងសើចឲ្យច្រើន៖ អ្នកត្រូវដឹងថាជីវិតកាន់តែស្រស់ស្រាយបានទាល់តែមានស្នាមញញឹម ហើយស្នាមញញឹមនោះវាគួរតែកើតឡើងដោយឯកឯងមិនមែនបង្ខំវាឡើងទេ។ អ្នកគួរបង្ហាញស្នាមញញឹមសម្រាប់ខ្លួនឯងឲ្យច្រើនដើម្បីជាកម្លាំងចិត្ត ឲ្យអ្នកធ្វើអ្វីៗបានទៅថ្ងៃមុខ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack