បើយល់ច្បាស់ពីគោលការណ៍ចិត្តសាស្ត្រទាំង៣នេះ អ្នកនឹងរស់នៅយ៉ាងមានសេចក្ដីសុខ
ការយល់ឃើញរបស់អ្នកមើលទៅកាន់ពិភពខាងក្រៅ ប្រៀបដូចជាកែវយឹតប្រើសម្រាប់ឆ្លុះមើលទៅពិភពខាងក្រៅជុំវិញខ្លួនដូច្នោះ។ បើអ្នកជ្រើសរើសកែវយឹតខុស ទស្សនៈរបស់អ្នកចំពោះជីវិត និងអ្វីៗដែលកើតឡើងមកលើអ្នក នឹងមានបែបបទ និងគោលការណ៍មិនត្រឹមត្រូវ ប្រាសចាកពីសភាពពិតជាក់ស្ដែង ហើយបើកាលណាអ្នកបណ្ដុះនូវទស្សនៈខុសក្នុងផ្នត់គំនិតរួចមក ទង្វើ សកម្មភាព និងការឆ្លើយតបរបស់អ្នកដែលត្រូវបានបង្គាប់បញ្ជាដោយផ្នត់គំនិត ឬការយល់ឃើញរបស់អ្នកនោះ នឹងប្រព្រឹត្តទៅក្នុងផ្លូវអវិជ្ជមាន នាំឲ្យទទួលបានផលជះត្រឡប់មកវិញអវិជ្ជមានដូចគ្នា។ ហេតុនេះ ជាប្រការសំខាន់បំផុត ដែលអ្នកគួរយល់ដឹងពីគោលការណ៍ចិត្តសាស្ត្រដែលមានបង្អែកឈរលើផ្នត់គំនិតត្រឹមត្រូវ ធ្វើជាអ្នកចាំបង្គាប់បញ្ជាទៅលើការឆ្លើយតបរបស់អ្នកទៅកាន់ជីវិត ដើម្បីរស់នៅជីវិតមួយប្រកបដោយសេចក្ដីសុខ។
១) មនុស្សនៅជុំវិញខ្លួនអ្នកមិនខ្វល់ខ្វាយពីអ្នកខ្លាំងដូចអ្វីដែលអ្នកគិតនោះឡើយ៖ ការបារម្ភ ខ្វាយខ្វល់ហួសហេតុពីការគិតរបស់អ្នកដទៃមកលើខ្លួន សុទ្ធតែបង្កជាលទ្ធផលនូវភាពទោម្នេញ ទុក្ខសោក និងកង្វល់ ដែលរាំងស្ទះដល់ដំណើរការណ៍លូតលាស់នៃជីវិត និងការប្រើប្រាស់ជីវិតរបស់ខ្លួនឈានទៅដល់សក្ដានុពលខ្ពស់បំផុតរបស់ខ្លួន។ អ្វីដែលអ្នកត្រូវចងចាំមិនភ្លេចគឺ គ្រប់គ្នាដែលអ្នកបានជួប សុទ្ធតែមានបញ្ហា វិបត្តិនៅក្នុងជីវិតរបស់ពួកគេរៀងៗខ្លួន ពួកគេគ្មានពេលមកខ្វាយខ្វល់ថាអ្នកជាមនុស្សបែបណា ឬអ្នកធ្វើអ្វីដូចអ្វីដែលអ្នកគិតនោះទេ វាគ្រាន់តែកើតឡើងនៅក្នុងទម្រង់ជាការសន្មតដែលមានរឹសគល់ពីទស្សនៈមិនត្រឹមត្រូវរបស់អ្នកតែប៉ុណ្ណោះ។
២) រាល់លើកមិនត្រូវរំពឹងទុកថាការណែនាំរបស់អ្នកនឹងត្រូវបានអនុវត្តតាមនោះទេ៖ អ្នកមិនត្រូវអាក់អន់ស្រពន់ចិត្ត ឬមានអារម្មណ៍ថាការណែនាំរបស់អ្នកដែលផ្ដល់ទៅមនុស្សដែលកំពុងជួបវិបត្តិ ត្រូវបានឆ្លើយតបមកវិញដោយការព្រងើយកន្តើយរបស់ពួកគេនោះឡើយ។ មិនថាជាការណែនាំរបស់អ្នកល្អសម្រាប់ពួកគេប៉ុណ្ណាក៏ដោយ ឬក៏ចេញពីបំណងដ៏សុទ្ធចិត្តដែលចង់ជួយពួកគេចាកចេញពីទុក្ខសោកក៏ដោយ ពួកគេអាចស្ដាប់អ្នកបានដរាបណាពួកគេស្ថិតនៅក្នុងផ្នត់គំនិតត្រឹមត្រូវ និងពេលវេលាត្រឹមត្រូវតែប៉ុណ្ណោះ។ ចុងក្រោយទៅ ពួកគេកែប្រែស្ថានការណ៍ទៅជាល្អប្រសើរបាន ដោយរៀនសូត្រពីបទពិសោធន៍របស់ពួកគេផ្ទាល់នោះទេ។
៣) អ្នកអាចត្រឹមតែគ្រប់គ្រងនូវការឆ្លើយតបរបស់អ្នកបានប៉ុណ្ណោះ៖ មានតែការយល់ឃើញដែលអ្នកជ្រើសរើសមើលទៅលើស្ថានការណ៍ និងការជ្រើសរើសវិធីឆ្លើយតបទៅនឹងស្ថានការណ៍នោះទេទើបជារឿងសំខាន់បំផុត សំខាន់ជាងស្ថានការណ៍កើតឡើងជាក់ស្ដែងទៅទៀត។ ជ្រើសរើសកែវយឹតត្រឹមត្រូវ នោះអ្នកនឹងឆ្លើយតបចំពោះស្ថានការណ៍ដោយឈរលើការយល់ឃើញត្រឹមត្រូវដូចគ្នា ពេលនោះលទ្ធផលវិជ្ជមាននឹងអាចត្រូវបានរំពឹងទុកដោយអ្នកមិនខាន។ ទោះបីស្ថិតក្នុងស្ថានការណ៍មិនអំណោយផលក្ដី ក៏អ្នកត្រូវដកខ្លួនចេញពីសភាពជាក់ស្ដែងនៃបញ្ហានោះ រួចធ្វើការត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ចំពោះការជ្រើសរើសឆ្លើយតបរបស់អ្នក ដើម្បីបង្ការការខូចខាត ប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack